អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ តាន់ ស្រ៉ី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកស្រីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គបញ្ជាការដ្ឋានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍​ តាន់ ស្រ៉ី​ ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍​​ វង្ស​ ពិសេន និងនាយឧត្ដមសេនីយ៍​ តាន់ ស្រ៉ី​ ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នឹងមានជំនួបទ្វេភាគីសំដៅដាក់ចេញនូវវិធានការសកម្មភាពដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងទៅរវាងកងទ័ព នៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀតដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អគ្គមេបញ្ញាការកងទ័ពនៃប្រទេសទាំងពីរ​ កម្ពុជា-ម៉ាឡេស៊ីក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕