អាជ្ញាធរខេត្តកំពង់ធំ ចុះបង្ក្រាបការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ជាង ៤២ ហិកតា ក្នុងតំបន់ការពារគម្រោងរេដបូក (REDD+)

ខេត្តកំពង់ធំ៖ អាជ្ញាធរដែនដីស្រុកសណ្តាន់ សហការជាមួយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានបើកកិច្ចប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃក្នុងទ្រង់ទ្រាយធំ ក្នុងតំបន់ព្រៃអភិរក្សបម្រុងទុកអចិន្ត្រៃយ៍ ដែលជាផ្នែកមួយនៃគម្រោងការពារបរិស្ថានសកល។
កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបជាផ្លូវការនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក តាន់ ម៉េងជិះ អភិបាលរងស្រុកសណ្តាន់ ដោយមានការចូលរួមសហការយ៉ាងស្អិតល្មួតពីសង្កាត់រដ្ឋបាលព្រៃឈើទំរីង រួមជាមួយកម្លាំងប្រតិបត្តិការសឹករងកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន។
១. ព័ត៌មានលម្អិត និងទំហំនៃការខូចខាតជាក់ស្តែង
តាមរយៈការចុះល្បាតផ្ទាល់ដល់ទីតាំងរងគ្រោះ ស្ថិតក្នុងតំបន់អូរចំលងតែ ក្នុងភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រុមការងារចម្រុះបានរកឃើញសកម្មភាពល្មើសច្បាប់ជាក់ស្តែង៖
ទីតាំងភូមិសាស្ត្រ ស្ថិតក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ដែលជាដែនគម្រោងរេដបូកទំរីង ត្រង់ចំណុចនិយាមកាផ្លូវការ (553584-1442954)។

ទំហំដីរងការទន្ទ្រាន ផ្ទៃដីព្រៃសាធារណៈរបស់រដ្ឋសរុបរហូតដល់ ៤២ ហិកតា ៩៨៥៩ ម៉ែត្រការ៉េ ត្រូវបានរំលោភបំពាន និងកាប់ឆ្ការ។
ភស្តុតាងនៅនឹងកន្លែង៖ នៅទីតាំងកើតហេតុ ក្រុមសមត្ថកិច្ចបានរកឃើញស្លាកស្នាមគល់ឈើក្រៀមដែលរងការកាប់រាននាពេលកន្លងមក និងមានការលួចដាំកូនចន្ទី ដើម្បីបង្កបង្កើតផលក្នុងបំណងវាយលុកទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។
ស្ថានភាពជាក់ស្តែង នៅពេលកម្លាំងជំនាញចុះទៅដល់ ជនល្មើសមិនបានបង្ហាញខ្លួននៅកន្លែងកើតហេតុនោះទេ ហើយក៏ពុំទាន់មានការប្រមូលបានវត្ថុតាងគ្រឿងចក្រ ឬឧបករណ៍សម្ភារៈណាមួយឡើយ។ ក្រុមសមត្ថកិច្ចបានវាយតម្លៃភ្លាមៗថា សកម្មភាពនេះជាអំពើល្មើសច្បាប់ទាំងស្រុង ដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញឡើយ។

២. ទិដ្ឋភាពច្បាប់ និងការកំណត់មាត្រាទោសទណ្ឌ ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីព្រៃបម្រុងទុករបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលត្រូវប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៖

ក. បទល្មើសព្រៃឈើ យោងតាមច្បាប់ស្តីពីព្រៃឈើ សកម្មភាពកាប់ឆ្ការព្រៃ គាស់រំលើងគល់ឈើ ឬទន្ទ្រានដីព្រៃដើម្បីធ្វើជាកម្មសិទ្ធិ ត្រូវចាត់ទុកជាបទល្មើសព្រៃឈើថ្នាក់ទី១ ដែលមានចែងក្នុង មាត្រា ៩៧ នៃច្បាប់ស្តីពីព្រៃឈើ ទោសពន្ធនាគារ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។

រឹបអូស រាល់ផលដំណាំ (រួមទាំងកូនចន្ទីដែលបានដាំ) វត្ថុតាង និងឧបករណ៍សម្ភារៈទាំងអស់ ត្រូវរឹបអូសជាសម្បត្តិរដ្ឋដោយគ្មានការលើកលែង។

ខ. ការរំលោភដីធ្លីសាធារណៈ យោងតាមច្បាប់ភូមិបាល យោងតាម មាត្រា ២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់ ឬការរំលោភបំពានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ត្រូវប្រឈមមុខនឹងទោសពិន័យ និងពន្ធនាគារ៖ ផ្តន្ទាទោសជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៥,០០០,០០០ រៀល ដល់ ៥០,០០០,០០០ រៀល។

វិធានការរុះរើ ជនល្មើសត្រូវបង្ខំឱ្យដកចេញនូវរាល់របង ផលដំណាំ ឬសំណង់ខុសច្បាប់ ដោយគ្មានសិទ្ធិទាមទារសំណង ឬការខូចខាតណាមួយពីខាងរដ្ឋឡើយ។
៣. សារសារធារណៈ និងសារៈសំខាន់នៃគម្រោងការពារបរិស្ថានអន្តរជាតិ


តំបន់ព្រៃបម្រុងទុកអចិន្ត្រៃយ៍ទំរីង ដែលរងការកាប់រាននេះ គឺជាផ្នែកមួយនៃ គម្រោងរេដបូក (REDD+) ដែលជាយន្តការសកលថ្នាក់អន្តរជាតិ ក្នុងការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារព្រៃឈើ និងការអភិរក្សជីវៈចម្រុះ។ ការបណ្តោយឱ្យមានការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់នេះ មិនត្រឹមតែបំផ្លាញធនធានធម្មជាតិក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងការប្តេជ្ញាចិត្តរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
បច្ចុប្បន្ន ក្រុមសមត្ថកិច្ចចម្រុះបានធ្វើការចុចត្រួតពិនិត្យ និងដកស្រង់ចំណុចនិយាមកាផ្លូវការឡើងផែនទីរួចរាល់ហើយ និងកំពុងបន្តស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីស្វែងរកអត្តសញ្ញាណជនខិលខូចដែលបានប្រព្រឹត្តបទល្មើសខាងលើ យកមកចាត់ការ និងផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការយោគយល់ឡើយ ដើម្បីការពារសម្បត្តិសាធារណៈរបស់រដ្ឋ និងធានាបាននូវនិរន្តរភាពបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ៕ ដោយ សឿង សុទ្ធ