លោក Macron៖ អ៊ុយក្រែននឹងផលិតមីស៉ីលរបស់បារាំង បញ្ជាទិញយន្តហោះចម្បាំង Rafale

(ប៉ារីស)៖ លោកប្រធានាធិបតី Emmanuel Macron បាននិយាយថា បារាំងនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ផលិតមីស៉ីលគ្រូសរបស់បារាំង គ្រាប់បែកកំណត់គោលដៅ និងមីស៉ីលបាញ់ស្ទាក់សម្រាប់ប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីទីក្រុងកៀវ បញ្ជាទិញប្រព័ន្ធការពារដែនអាកាសជំនាន់ក្រោយ ដែលផលិតរួមគ្នារវាងបារាំង និងអ៉ីតាលី ក៏ដូចជាយន្តហោះចម្បាំង Rafale។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ការប្រកាសរបស់លោក Macron សបញ្ជាក់ជាលើកដំបូង ដែលបារាំងព្រមផ្តល់អាជ្ញាប័ណ្ណឱ្យអ៊ុយក្រែន។ ការផលិតផ្តោតលើគ្រាប់បែកកំណត់គោលដៅជាក់លាក់ពីអាកាសទៅដីគោក ហៅកាត់ AASM មីស៉ីលបាញ់ស្ទាក់សម្រាប់ប្រព័ន្ធការពារដែនអាកាស Aster និងមីស៉ីលរយៈចម្ងាយឆ្ងាយ SCALP ដែលចក្រភពអង់គ្លេសក៏មានផលិតផងដែរ។

តាមលោក Macron ប្រព័ន្ធរ៉ាដាក៏នឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែនដែរ។ លោកបញ្ជាក់ទៀតថា លោក ហ្សេលេនស្គី បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស SAMP-T ជំនាន់ថ្មី ដែលត្រូវបញ្ជូនទៅអ៊ុយក្រែន បន្ទាប់ពីការបញ្ជូនប្រព័ន្ធជំនាន់ចាស់ និងគ្រាប់មីស៉ីលមួយចំនួន។ រីឯ យន្តហោះចម្បាំង Rafale ចំនួន ១៦គ្រឿងនឹងត្រូវចែកចាយ ក្នុងគោលបំណងធ្វើប្រតិបត្តិការលើដែនអាកាសអ៊ុយក្រែន ចន្លោះឆ្នាំ ២០២៨ និង ២០២៩។

គួរបញ្ជាក់ថា នៅឯសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃបណ្តាមេដឹកនាំចំនួន ២៥នាក់ ក្នុងទីក្រុងប៉ារីស លោក Macron បានឱ្យដឹងថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន យល់ព្រមចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ជាផ្នែកមួយនៃផែនការត្រៀមកងកម្លាំងចម្រុះ ដែលនឹងត្រូវដាក់ពង្រាយ ពេលដែលអ៊ុយក្រែនមានបទឈប់បាញ់ជាមួយរុស្ស៉ី៕