ខេត្តព្រះសីហនុ៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍” នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ។អង្គពិធីនេះ ត្រូវបានប្រព្រឹត្ត ធ្វើ ឡើងនៅព្រឹកថ្ងៃ ពុធ ១៥ ខែ ភទ្របទ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២០ នៅសណ្ឋាគារ ឆ្នេរ ថ្មីខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនោះដែរ អ្នកស្រី អុឹម ចន្ថា អនុប្រធានមន្ទីរ ទេសចរណ៍ ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពហុបំណង និងជាប៉ូលដ៏សំខាន់ មួយក្នុងចំណោមប៉ូលទេសចរណ៍សំខាន់ៗទាំងបួន រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តតំបន់ឆ្នេរ សមុទ្រ និងខេត្តភូមិភាគឦសាន។ ជាពិសេសខេត្តព្រះសីហនុត្រូវបានប្រសិទ្ធិនាម” តារារះនាទិសនិរតី” ពិតជា សាកសមបំផុតសំរាប់ ខេត្តព្រះសីហនុក្នុងចំណោមខេត្តឆ្នេរសមុទ្រទាំងបួន ដោយផ្អែកលើសក្តានុពលដ៏វិសេស វិសាល រួមមានឆ្នេរខ្សាច់សស្អាត ខ្យល់អាកាសល្អបរិសុទ្ធ រមណីយដ្ឋានធម្មជាតិ និងជីវចម្រុះជាច្រើន សម្រាប់ទាក់ទាញទេសចរមកកម្សាន្ត។ លើសពីនេះទៅទៀត ខេត្តព្រះសីហនុមានហេដ្ឋារចនា សម្ព័ន្ធ រូបវន្ត នានា ដូចជា ព្រលានយន្តហោះ កំពង់ផែអន្តរជាតិ ផ្លូវថ្នល់ ផ្លូវដែក សម្បទាទេសចរណ៍ និងសម្បទាផ្គត់ផ្គង់ ផ្សេងៗទៀត។ ប៉ុន្តែក្នុងរយះពេល៦ខែដើមឆ្នាំ២០២០នេះ ក្រោយពីការកើតជម្ងឺ Covid-19 មូលដ្ឋានអាជីវកម្ម ទេសចរណ៍ត្រូវបានបិទ-ផ្អាកជាច្រើន ក្នុងនោះ សេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា ស្ប៉ា បានផ្លាកទាំងស្រុងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបាត់បង់កម្លាំងពលកម្មសរុបប្រមាណ ១០,៦១៥នាក់ ស្មើនឹង (-៦១៤៣) ក្នុងនោះស្ត្រី ៦,២៧៧នាក់។ ភ្ញៀវទេសចរនៅក្នុងឆមាសទី១ ឆ្នាំ២០២០ ខេត្តព្រះសីហនុទទួលបានសរុប ៤៧៣២៥៧នាក់ ថយចុះហួស ដែនកំណត់ ធៀប នឹងឆមាសទី១ ឆ្នាំ២០១៩ ( ១,៣៤៧,០១៣នាក់) ក្នុងនោះភ្ញៀវជាតិ ២៨៦,៨៣៤នាក់ ថយ ចុះហួសដែនកំណត់ (៩៥០,៥៩៨នាក់) និងភ្ញៀវអន្តរជាតិចំនួន ១៨៦ ៤២៣នាក់ ថយចុះហួសដែនកំណត់ (៣៩ ៦, ៤១៥នាក់) បានបង្កើតឱកាសការងារផ្ទាល់ ចំនួន ៦,៦៦៤នាក់ ក្នុងនោះ ស្រីចំនួន ២,៩២០នាក់ និង ការងារប្រយោលរាប់រយនាក់។
ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍មាន ប្រសាសន៍អោយដឹងថា៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍” នេះ ត្រូវ បានប្រព្រឹត្តធ្វើឡើង ក្នុងគោលបំណងពន្លេចឱ្យឃើញពីតួនាទីរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានទាំងក្នុងសេវាកម្ម បដិសណ្ឋារកិច្ច សម្បទាទ្រទ្រង់ទេសចរណ៍គ្រប់បែបយ៉ាង និងបានផ្សព្វផ្សាយនូវអនុសាសន៍ ១១ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រួមទាំងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។
លោកជំទាវ ហ៊ុន ដានី បានបន្តទៀតថា៖ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សំដៅដល់ការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសស្ត្រី ដើម្បីចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍នៅក្នុងទីផ្សារការងារក៏ដូចជាបង្កើនសមត្ថភាពរបស់ស្ត្រីឱ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែន និងឆ្លាតវៃ ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ អាចឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។
ក្នុងនោះដែរ ការផ្សព្វផ្សាយពីការចូលរួមរបស់ស្ត្រីក៏ដូចជាពលរដ្ឋទូទៅក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភណភាព និងពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មក្នុងវិស័យទេសចរណ៍ក៏កាន់តែមានសារៈសំខាន់ផងដែរ ដោយផ្តោតទៅលើតួនាទីស្ត្រីដោយហេតុថាក្នុងវិស័យមាសបៃតងមួយនេះ កម្លាំងពលកម្មស្រ្តីមានច្រើនជាងបុរស គឺប្រមាណជាង ៦០% ដែលបានបង្ហាញឱ្យឃើញថាស្រ្តីមានសក្តានុពលធំនៅគ្រប់សរសៃឈាមនៃទេសចរណ៍។
លោកជំទាវរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់អង្គសិក្ខាសាលាទាំងមូល ជាពិសេសប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ ចូលរួមអនុវត្តតាមគោលការណ៍ណែនាំផ្សេងៗ ជាពិសេសវិធានសុវត្ថិភាពទេសចរណ៍ ឆ្លើយតបទៅនឹងបរិបទកូវីដ១៩ ដោយត្រូវប្រកាន់យក “ទម្លាប់ថ្មីនៃទេសចរណ៍” ស្របតាមកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជាផងដែរកំពុងប្រឈមនឹងជំងឺនេះ។
ការសម្របសម្រួល និងបន្សាំទៅនឹង “ទម្លាប់ថ្មីនៃទេសចរណ៍” គឺជាជម្រើសដំណោះស្រាយមួយសមរម្យសម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមផង និងចាប់យកឱកាសផងដើម្បីឆ្លើយតបបានទៅនឹងសភាពការណ៍នៃការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ការធានាសុវត្ថិភាពសង្គម និងការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍នៅតាមគោលដៅទេសចរណ៍ឡើងវិញ ដើម្បីជួយជំរុញបង្កើតនិងបង្កើនឱកាសការងារ ការទទួលបានចំណូល និងធ្វើឱ្យចរន្តនៃសេដ្ឋកិច្ចសង្គមកម្រើក ស្របពេលជាមួយ គ្នានេះផងដែរ៕ ដោយ ៖ មនោរាហ៍

































