សព កាំង ហ្កេកអ៊ាវ ហៅ ឌុច បូជានៅវត្តចាក់អង្រែក្រោម នារសៀលថ្ងៃនេះ

ភ្នំពេញ ៖ សព កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានពន្ធនាគារ មន្ទីរ ស ២១ ឬគុកទូលស្លែង ត្រូវបានរៀបចំបូជានៅវត្តចាក់អង្រែក្រោម នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះ ដែលមានសាច់ញាតិមួយចំនួនរបស់ ឌុច និងវត្តមានអាជ្ញាធរពាក់ព័ន្ធខ្លះផងដែរ។

ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ជាលើកទី៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ និងបានទទួលមរណភាព កាលពីវេលា ម៉ោង០០ ៖ ៥១ នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៨ឆ្នាំ។

សូមជម្រាបថា ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានផ្ដន្ទាទោស ដោយអង្គជំនុំជម្រះសាលាដំបូង នៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ប្រព្រឹត្តនៅគុកទួលស្លែង ដោយសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។

ប៉ុន្តែព្រះរាជអាជ្ញាបានប្ដឹងសាទុក្ខជំទាស់ ។ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្ដន្ទាទោស ឌុច ដាក់ពន្ធនាគារអស់មួយជីវិត៕