ភ្នំពេញ ៖ តាមសេចក្តីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ស្តីពីការបន្តស្នាក់នៅ និងធ្វើការសម្រាប់បងប្អូនពលករខ្មែរ បានឱ្យដឹងថា ចំពោះពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ រដ្ឋាភិបាលថៃបានសម្រេចបន្តសុពលភាពការស្នាក់នៅ និងធ្វើការដល់ពលករខ្មែរចំនួន ៤ ក្រុម ដោយតម្រូវឱ្យនិយោជក ឬតំណាងនិយោជកត្រូវនាំពលករទៅដាក់ពាក្យស្នើសុំបន្តទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារចាប់ពីខែសីហា ដល់ចុងខែតុលា ឆ្នាំ២០២០។
សេចក្តីជូនដំណឹង បញ្ជាក់ថា សម្រាប់ក្រុមទី១ គឺពលករដែលចូលមកធ្វើការក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចប់កិច្ចសន្យាការងារ ៤ ឆ្នាំ។ ក្រុមទី២ គឺជាក្រុមពលករដែលចូលមកធ្វើការក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានអស់សុពលភាពស្នាក់នៅ និងនៅធ្វើការដោយសារនិយោជកចាស់ឈប់ជួល ហើយមិនអាចធ្វើការប្តូរនិយោជកបានទាន់ពេលវេលាតាមច្បាប់កំណត់។ ឯពលករក្រុមទី៣ គឺពលករព្រមទាំងអ្នកនៅក្នុងបន្ទុកធ្លាប់បានបញ្ជាក់អត្តសញ្ញាណ និងមានលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរដែលអស់សុពលភាពស្នាក់នៅ និងធ្វើការចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ដោយសារនិយោជកពុំបាននាំទៅដំណើរការចុះបញ្ជីឈ្មោះតាមប្រព័ន្ធអនឡាញឱ្យបានទាន់ពេលវេលា។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ៖ «សម្រាប់ក្រុមទី១ ទី២ និងទី៣ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការបណ្តោះអាសន្នចាប់តាំងពីដើមខែសីហា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១ ប៉ុន្តែក្នុងអំឡុងពេលនេះ ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ និយោជក ឬតំណាងនិយោជកត្រូវនាំពលករខ្មែរទៅដំណើរការដាក់ពាក្យស្នើសុំបន្តទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារឱ្យបានរួចរាល់ចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០»។ សម្រាប់ក្រុមចុងក្រោយគឺក្រុមទី៤ គឺពលករដែលចូលមកធ្វើការព្រឹកវិលល្ងាច និងតាមរដូវតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ៕
































