កាំង ហ្គេចអ៊ាវ ហៅ ឌុច កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឆ្នាំ១៩៦៤ កាំង ហ្គេកអ៊ាវ បានទទួលតំណែងនៅវិទ្យាស្ថានគរុកោសល្យបន្ទាប់ពី សុន សេន ចាកចេញទៅ។ យុវជនវ័យក្មេង ដែលពូកែខាងគណិតវិទ្យារូបនេះ ត្រូវបានអូសទាញឆ្ពោះទៅរកលទ្ធិកុម្មុយនិស្ត ដោយនិស្សិតមួយក្រុមដែលបានចូលមកសិក្សាអក្សរសាស្ត្រខ្មែរ នៅឯសាកលវិទ្យាល័យភ្នំពេញ ។
នៅក្នុងឆ្នាំ១៩៦៥ ឌុច បានក្លាយទៅជាគ្រូបង្រៀនផ្នែកគណិតវិទ្យានៅអនុវិទ្យាល័យ ស្គន់ បន្ទាប់ពីចាកចេញពីវិទ្យាស្ថានគរុកោសល្យ ។ នៅឆ្នាំ១៩៧០ កាំង ហ្គេកអ៊ាវ បានទទួលខុសត្រូវផ្នែកសន្តិសុខនៅតំបន់ ៣៣ ភាគខាងជើង ទីក្រុងភ្នំពេញ ។ នៅក្នុងឆ្នាំ១៩៧៣ ឌុច បានផ្លាស់មកតំបន់ ២៤ ភាគខាងជើងទីក្រុងភ្នំពេញវិញ ។ មួយរយៈក្រោយមក គាត់ត្រូវបានចោទថា បានចូលរួមជាមួយបក្សកុម្មុយនីស្ត ហើយគាត់ត្រូវបានប៉ូលីសរបស់សម្តេចព្រះនរោត្តមសីហនុ ចាប់ខ្លួនក្នុងឆ្នាំ១៩៦៨ ប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅពេលរដ្ឋប្រហារទម្លាក់សម្តេចព្រះសីហនុ នៅឆ្នាំ១៩៧០។ ពីខែកក្កដា ឆ្នាំ១៩៧១ ដល់ខែមករា ឆ្នាំ១៩៧៥ ឌុច ត្រូវបានចោទថា មានតួនាទីជាប្រធានការិយាល័យទី ១៣ ឬ ម-១៣ (គឺជាមន្ទីរសន្តិសុខមួយទៀតរបស់បក្សកុម្មុយនីស្តកម្ពុជា មានទីតាំងនៅភាគខាងជើងទីក្រុងភ្នំពេញ)។
ឌុច បន្តរស់នៅជាមួយខ្មែរក្រហមរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទើបគាត់ត្រឡប់មកធ្វើជាគ្រូបង្រៀនវិញ។ បន្ទាប់ពីមរណភាពរបស់ប្រពន្ធគាត់ ដោយសារអំពើប្លន់នៅឆ្នាំ១៩៩៥ ឌុច បានប្តូរមកកាន់សាសនាគ្រិស្ត និងបានផ្លាស់ទៅរស់នៅស្រុកសំឡូត រហូតដល់ពេលដែលគាត់ត្រូវបានប្រទះឃើញដោយអ្នកសារព័ត៌មានមួយរូបក្នុងឆ្នាំ១៩៩៩។ បន្ទាប់មក ឌុច ត្រូវបានចាប់ខ្លួនដោយកងទ័ពកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧។
អតីតមេគុកទួលស្លែងរូបនេះ ត្រូវបានអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម ផ្តន្ទាទោសកាល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសារទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោស ឌុច ដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃ៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់។
រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្ថិតក្នុងអាយុ ៧៨ឆ្នាំ ត្រូវបានបញ្ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ឌុច ក៏បានទទួលមរណភាព នៅវេលាម៉ោង 00:៥១នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ និងត្រូវបានរៀបចំបូជា នារសៀលថ្ងៃដដែល នៅក្នុងវត្តចាក់អង្រែក្រោម ដោយមានសាច់ញាតិរបស់គាត់តិចតួចប៉ុណ្ណោះចូលរួម៕

































