លោក ត្រាំ អះអាងពីឱកាសល្អនៃភាពរីកចម្រើនក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ ក្រោយផ្អាកបាញ់គ្នា

(តេហេរ៉ង់)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីរ៉ង់ ខណៈភាគីទាំងសងខាងបានផ្អាកវាយប្រហារដាក់គ្នា ៣ថ្ងៃជាប់ៗគ្នាមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ត្រូវបានផ្អាកចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស១៣ថ្ងៃជាប់ៗគ្នារបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ដែលបង្កឡើងដោយសារតែដួលរលំកិច្ចព្រមព្រៀងបណ្ដោះអាសន្នជុំវិញការបិទខ្ទប់របស់អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz។ ប៉ុន្តែមេដឹកនាំអាមេរិកបានបង្ហាញក្ដីសង្ឃឹមថាការចាប់ផ្ដើមកិច្ចចរចាឡើងវិញអាចនឹងនាំទៅរកការបិទបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ជាមួយការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានធ្វើឱ្យរញ្ជួយពេញតំបន់មជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោក។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ត្រាំ បាននិយាយថា «ខ្ញុំបានអត់ធ្មត់ខ្លាំងណាស់…យើងនឹងបានឃើញថាតើនឹងមានអ្វីកើតឡើង។ ខ្ញុំគិតថាវាមានឱកាសល្អមួយដែលរឿងមួយនឹងកើតឡើង»។ ទីក្រុងតេហេរ៉ង់កាលពីថ្ងៃចន្ទបានបដិសេធថាមិនមានកិច្ចចរចាថ្មីណាមួយជាមួយសហរដ្ឋអាមេរិកនៅឡើយទេ។ «ក្រុមអ្នកសម្របសម្រួលបានផ្ញើសាររបស់ភាគីសហរដ្ឋអាមេរិកមកកាន់ពួកយើង ពាក់ព័ន្ធនឹងស្ថានការណ៍វិវឌ្ឍន៍បច្ចុប្បន្នក្នុងតំបន់។ ប៉ុន្តែក្នុងពេលនេះ យើងមិនបានចូលរួមក្នុងកិច្ចចរចាថ្មីណាមួយជាមួយសហរដ្ឋអាមេរិកនោះទេ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei។

តែទោះជាបែបក្ដី លោក ត្រាំ នៅតែទទូចអំឡុងថ្លែងសុន្ទរកថាមួយក្នុងរដ្ឋ Michigan ថាអ៉ីរ៉ង់កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីការចុះកិច្ចព្រមព្រៀងមួយ។ ព្រមពេលជាមួយគ្នា លោក ត្រាំ បានបញ្ជាក់ថាប្រសិនបើកិច្ចប្រឹងប្រែងការទូតថ្មីៗនេះទទួលបរាជ័យ នោះសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារឡើងវិញលើអ៉ីរ៉ង់។ ត្រង់ចំណុចនេះ លោកប្រធានាធិបតីអាមេរិកបានច្រានចោលការព្រួយបារម្ភដែលថាស្ដុកអាវុធអាមេរិកកំពុងថយចុះដល់ចំណុចទាប ក្នុងពេលជិត៥ខែមកនេះ ក្រោយសង្រ្គាមផ្ទុះឡើង៕