
រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងការតម្រង់ទិសវិស័យព័ត៌មានកម្ពុជាឲ្យដើរទាន់យុគសម័យទំនើប នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃអង្គភាពគេហទំព័រសារព័ត៌មាន នីណា ញូស៍ (NINA NEWS) ចំនួន ៣ រូប រួមមាន លោក រ៉ី នោរៀ ចាងហ្វាងអង្គភាព, លោក សុវណ្ណា ខេងឃៀង និពន្ធនាយករង និង លោកស្រី ផាត់ គន្ធា និពន្ធនាយិការង បានចូលរួមយ៉ាងសកម្មក្នុង វគ្គបណ្ដុះបណ្ដាលស្ដីពី បញ្ញាសិប្បនិម្មិត (AI) និងអនាគតវិស័យព័ត៌មានឌីជីថលនៅកម្ពុជា ប្រកប ដោយជោគជ័យ។
វគ្គបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាង ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយប្រព្រឹត្តទៅនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT/NIPTICT) ដោយមានការចូលរួមពីអ្នកសារព័ត៌មានសរុបប្រមាណ ១៥៣ នាក់ (ស្ត្រី ២២ នាក់) មកពី ៨២ អង្គភាពព័ត៌មាន រួមមាន កាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រអនឡាញ និងអ្នកផលិតមាតិកាឌីជីថល។
ការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវក្នុងយុគសម័យ AI

គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជាលើមូលដ្ឋានគ្រឹះ AI យល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងការប្រើប្រាស់ឧបករណ៍ AI ប្រកបដោយប្រកាសនីយប័ត្រក្រមសីលធម៌វិជ្ជាជីវៈ។
ការបណ្តុះបណ្តាលនេះបានផ្តោតលើ៖
ការបង្កើនប្រសិទ្ធភាពការងារ ការប្រើប្រាស់ AI ដើម្បីជួយស្វែងរក និងវិភាគទិន្នន័យ ការសរសេរអត្ថបទព័ត៌មាន ការកែសម្រួលខ្លឹមសារ ព្រមទាំងការបង្កើតរូបភាព សំឡេង និងវីដេអូខ្លីៗ ប្រកបដោយគុណភាពខ្ពស់ និងចំណាយពេលវេលាតិចជាងមុន។
ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៖ ការបំពាក់បំប៉នបច្ចេកទេសសម្គាល់ព័ត៌មានក្លែងក្លាយ (Fake News) រូបភាព ឬវីដេអូបន្លំ (Deepfake) ដើម្បីធានានូវភាពស្មោះត្រង់ និងសុក្រឹតភាពនៃព័ត៌មានជូនសាធារណជន។

ការយល់ដឹងអំពីអភិបាលកិច្ច AI៖ ការសិក្សាពីហានិភ័យ ដំណើរការនៃម៉ូឌែលភាសាធំ (Large Language Models) និង Generative AI ព្រមទាំងវិធីសាស្ត្របង្កើតបញ្ជា (Prompt Engineering) ដើម្បីទទួលបានលទ្ធផលការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការត្រៀមខ្លួនឆ្ពោះទៅកាន់ចក្ខុវិស័យរដ្ឋាភិបាលឌីជីថល
តំណាងក្លឹបអ្នកកាសែតកម្ពុជាបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនេះគឺជាជំហានយុទ្ធសាស្ត្រក្នុងការកសាងធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ឱ្យស្របទៅតាម ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ។
ការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ នីណា ញូស៍ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ដើរឲ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាពិភពលោក និងការលើកកម្ពស់គុណភាពព័ត៌មានឌីជីថលនៅកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់នាពេលអនាគត៕ដោយ រ៉ី នោរៀ





































