(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា យោធាអាមេរិកនឹងវាយប្រហារប្រទេសអ៊ីរ៉ង់ឱ្យ «ចាស់ដៃបំផុត» បន្ទាប់ពីមូលដ្ឋានទ័ពអាមេរិកនៅប្រទេសហ្សកដានី ត្រូវបានវាយប្រហារដោយមីស៊ីល។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ Fox News។

លោក ត្រាំ បានប្រើពាក្យសម្តីធ្ងន់ៗប្រាប់អ្នកសារព័ត៌មានថា អាមេរិកនឹងវាយកម្ទេចអ៊ីរ៉ង់មិនឱ្យសល់ឡើយ។ លោកក៏បានបញ្ជាក់ដែរថា ការទម្លាក់គ្រាប់បែករួមគ្នារវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ទៅលើក្រុមសកម្មប្រយុទ្ធគាំទ្រអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីយប់មិញ គឺទទួលបានការអនុញ្ញាតពីអាជ្ញាធរទីក្រុងបាកដាត (Baghdad) ប៉ុន្តែការិយាល័យប្រធានាធិបតីអ៊ីរ៉ាក់ បានចេញមុខបដិសេធចំពោះការអះអាងនេះ។
ការកើនឡើងកម្តៅនៃជម្លោះនេះ គឺផ្ទុយស្រឡះពីជំហរពីមុនរបស់លោក ត្រាំ ដែលធ្លាប់ចង់ចរចាបញ្ចប់សង្គ្រាម។ អ៊ីរ៉ង់បានទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់មីស៊ីលទៅកាន់មូលដ្ឋានយោធាអាមេរិកនៅហ្សកដានីមែន ខណៈកងទ័ពហ្សកដានីអះអាងថាបានស្ទាក់ចាប់មីស៊ីលទាំងនោះបានចំនួន ៥គ្រាប់។
គួររំលឹកថា ប្រតិបត្តិការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ាក់ ធ្វើឡើងដើម្បីសងសឹកនឹងការវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលទីក្រុងរីយ៉ាដ ចោទប្រកាន់ថាជាស្នាដៃរបស់ក្រុមភេរវករគាំទ្រដោយអ៊ីរ៉ង់ ខណៈយោធាអាមេរិកបញ្ជាក់ថា គោលដៅវាយប្រហាររបស់ខ្លួនគឺផ្តោតលើឃ្លាំងអាវុធ និងទីតាំងភស្តុភាររបស់ក្រុមទាំងនោះ៕





























