(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានបញ្ចេញវីដេអូមួយដែលមានចំណងជើងថា «កន្លែងដែលត្រូវសម្លាប់ Melania» ដែលជាការគំរាមកំហែងយ៉ាងចំហទៅលើស្ត្រីទីមួយអាមេរិក លោកស្រី Melania Trump និងកូនប្រុសរបស់លោកស្រី គឺលោក Barron Trump។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

វីដេអូនោះបានបង្ហាញពីសកម្មភាពរបស់លោកស្រី Melania ធ្វើដំណើរក្នុងទីក្រុងញូវយ៉ក និងទីតាំងហាងទំនិញប្រណីតៗដែលលោកស្រីតែងតែចូល ដែលអ៊ីរ៉ង់ព្រមានថា ទីតាំងទាំងនោះនឹងក្លាយជាគោលដៅវាយប្រហារ។ វីដេអូនេះថែមទាំងបានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់សារធាតុពុលសរសៃប្រសាទ (Nerve Agent) បំពុលលើសម្លៀកបំពាក់របស់លោកស្រី មុននឹងបិទបញ្ចប់ដោយការគំរាមថា «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ Barron Trump…ចាំមើលចុះ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោកស្រី Melania និងកូនប្រុស កំពុងត្រូវបានការពារសន្តិសុខ ២៤ម៉ោងលើ២៤ម៉ោង ពីសំណាក់ទីភ្នាក់ងារសម្ងាត់អាមេរិក ខណៈអចលនទ្រព្យរបស់គ្រួសារ ត្រាំ ក៏ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងផងដែរ។ ការគំរាមកំហែងនេះ ធ្វើឡើងស្របពេលដែលអ៊ីរ៉ង់កំពុងបង្កើនយុទ្ធនាការឃោសនា ដោយមានការដាក់តាំងផ្ទាំងប៉ាណូថ្មីៗនៅរដ្ឋធានីតេហេរ៉ង់ អំពាវនាវឱ្យមានការសងសឹកប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងក្រុមគ្រួសាររបស់លោក៕





























