ថ្នាក់ដឹកនាំខេត្តព្រះវិហារ និងអគ្គរដ្ឋទូតចិន ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាព

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមដំណើរជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (បាក់កាំ)។
មណ្ឌលសុវត្ថិភាពនេះ មានទីតាំងស្ថិតនៅក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលជាកន្លែងផ្ដល់ជម្រកសុវត្ថិភាពដល់ប្រជាពលរដ្ឋរងផលប៉ះពាល់។


សកម្មភាពមនុស្សធម៌រួមគ្នានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចំណងមិត្តភាពរឹងមាំរវាងកម្ពុជា និងចិន ក្នុងការឆ្លើយតបភ្លាមៗចំពោះវិបត្តិនានា ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងបានផ្តល់សម្ភារប្រើប្រាស់ចាំបាច់ គ្រឿងឧបភោគបរិភោគ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ដើម្បីសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រផ្នែកមនុស្សធម៌បន្ថែមទៀត៕ដោយ សួន ពិសិត