គណបក្សប្រជាជនកម្ពុជាស្រុកចិត្របុរី បូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ទិសដៅបន្ត ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកចិត្របុរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត នៅឯស្នាក់ការគណបក្សស្រុកចិត្របុរី ខេត្តក្រចេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។


ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក, ឯកឧត្តម លោកជំទាវ ប្រធាន-អនុប្រធានក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកចិត្របុរី, ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំទាំង១០, ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុក, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សឃុំ, តំណាងយុវជនគណបក្ស និង ស.ស.យ.ក ទាំង១០ឃុំ, ប្រធានសាខាបក្សភូមិទាំង៦៩, នាយកវិទ្យាល័យ អនុវិទ្យាល័យ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមានអ្នកចូលរួមសរុបចំនួន ២១១នាក់ (ស្រី ៣៥នាក់)។
នៅក្នុងឱកាសនោះដែរ ដើមប្រកបដោយទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់លើរចនាសម្ព័ន្ធបក្សនៅមូលដ្ឋាន ឯកឧត្តម សរ ចំរុង បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល សម្រាប់ការសាងសង់ស្នាក់ការគណបក្សឃុំកន្ទួត។ ជាមួយគ្នានេះ ឯកឧត្តម សុខ សាវ៉ាត ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ២លានរៀល បន្ថែមទៀត សម្រាប់គាំទ្រដល់ការសាងសង់ស្នាក់ការគណបក្សឃុំកន្ទួតនេះផងដែរ៕ ដោយ ឯកឧត្តម បណ្ឌិត ឌីម សុខុន