
ខេត្តកំពង់ធំ៖កងកម្លាំងចម្រុះខេត្តកំពង់ធំ បានចុះប្រតិបត្តិការល្បាត និងបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ប្រភេទរបាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹក នៅតំបន់បឹងធំ ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានមច្ឆជាតិ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ដោយបានដឹកនាំកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលឃុំផាត់សណ្តាយ ចុះត្រួតពិនិត្យភូមិសាស្ត្រផ្ទាល់នៅពេលទឹកឡើងហូរចូលតំបន់បឹងធំ។
ក្នុងអំឡុងពេលត្រួតពិនិត្យ កងកម្លាំងបានរកឃើញឧបករណ៍នេសាទខុសច្បាប់ ដែលជនល្មើសទើបនឹងដាក់ថ្មីៗ កាត់ទទឹងមាត់ព្រែក ដែលជាផ្លូវចល័តរបស់ពូជត្រីឡើងមកពងកូន។ ជាលទ្ធផល កងកម្លាំងចម្រុះបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង រួមមាន៖ បាំងស្បៃមុង (ឧបករណ៍ហាមឃាត់ដាច់ខាត) ប្រវែងជាង ១០០ ម៉ែត្រ

របាំងសាច់អួនក្រឡាញឹកដាក់កាត់ទទឹងដងព្រែក ប្រវែងជាង ១០០ ម៉ែត្រ
ព្រមទាំងបង្គោលឈើសម្រាប់ចងរបាំងមួយចំនួនធំទៀត។
ជាមួយគ្នានេះ កងកម្លាំងចម្រុះក៏បានធ្វើការអប់រំ ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួន ឱ្យបញ្ឈប់សកម្មភាព និងប្រញាប់រុះរើឧបករណ៍នេសាទខុសច្បាប់ចេញ ដើម្បីបើកផ្លូវឱ្យពូជត្រីបានឡើងពងកូន បង្កើតផលស្តុកមច្ឆជាតិឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
បទប្បញ្ញត្តិនៃច្បាប់ស្តីពីជលផល ពាក់ព័ន្ធនឹងរដូវបិទនេសាទ
យោងតាម ច្បាប់ស្តីពីជលផល នៃព្រះរាជាណាចក្រកម្ពុជា។
១. ថិរវេលានៃរដូវបិទនេសាទ៖
ចាប់ពី ថ្ងៃទី១ ខែមិថុនា ដល់ ថ្ងៃទី៣០ ខែកញ្ញា សម្រាប់ដែនជលផលទឹកសាប ស្ថិតក្នុងខេត្តភាគខាងជើង និងបឹងទន្លេសាប (រួមទាំងខេត្តកំពង់ធំ)។

ចាប់ពី ថ្ងៃទី១ ខែកក្កដា ដល់ ថ្ងៃទី៣១ ខែតុលា សម្រាប់ដែនជលផលទឹកសាប ស្ថិតក្នុងខេត្តភាគខាងត្បូង។
២.ការហាមឃាត់ក្នុងរដូវបិទនេសាទ៖
ហាមឃាត់ដាច់ខាតនូវរាល់ការធ្វើនេសាទដោយប្រើ ឧបករណ៍នេសាទពាណិជ្ជកម្ម (ឡូត៍នេសាទ/ដាយ) និងឧបករណ៍នេសាទខ្នាតមធ្យម គ្រប់ប្រភេទ។
ហាមឃាត់ដាច់ខាត ការប្រើប្រាស់ឧបករណ៍នេសាទបំផ្លិចបំផ្លាញធ្ងន់ធ្ងរដូចជា ស្បៃមុង អួនក្រឡាញឹក ឧបករណ៍ឆក់ ថ្នាំពុល និងការដាក់របាំងបិទទទឹងមុខទឹក ឬដងព្រែក ដែលរាំងស្ទះដល់ចរាចរណ៍ត្រីឡើងពងកូន។
៣.ការអនុញ្ញាត៖
អនុញ្ញាតឱ្យធ្វើការនេសាទលក្ខណៈ គ្រួសារ/ប្រជាប្រិយ តែប៉ុណ្ណោះ ដោយប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារដែលច្បាប់អនុញ្ញាត (ដូចជា សំណាញ់ សន្ទូច អង្រុត លបតូចៗ -ល-) ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
សារអំពាវនាវ៖ ចូលរួមការពារ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ ដើម្បីរក្សាធនធានមច្ឆជាតិឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕ ដោយ សឿង សុទ្ធ





































