(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ បានជំរុញឱ្យអាជ្ញាធរបង្កើនការគាំទ្រសម្រាប់ប្រជាជនដែលរងផលប៉ះពាល់បង្កឡើងដោយរលកកម្ដៅដ៏ក្ដៅបំបែកកំណត់ត្រាមួយនៅក្នុងប្រទេស ដោយឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅ កើនដល់ ១៦នាក់ និងព្រមានថាអាកាសធាតុអាក្រក់កាន់តែញឹកញាប់ជាងមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ លោក Lee ក៏បានអំពាវនាវផងដែរឱ្យក្រុមមន្ត្រីកូរ៉េខាងត្បូងចាត់វិធានការចាំបាច់នានាដើម្បីការពារការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងតាមដានជាប្រចាំលើប្រព័ន្ធបណ្ដាញផ្គត់ផ្គង់អគ្គិសនី ខណៈតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់កើនឡើង។
គួរបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានឱ្យដឹងថានៅទីក្រុង Yangsan ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស មានអាកាសធាតុក្ដៅជាមួយសីតុណ្ហភាពឡើងដល់ទៅ ៤២,៥អង្សាសេ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយនេះជាសីតុណ្ហភាពក្ដៅបំផុតមិនធ្លាប់មានក្នុងរយៈពេល ១២២ឆ្នាំមកនេះ។
មិនតែប៉ុណ្ណោះ អាជ្ញាធរឧតុនិយមកូរ៉េខាងត្បូង ក៏បានព្រមានដែរពីការរលកកម្ដៅក្ដៅខ្លាំងនៅតាមផ្នែកខ្លះនៃទីក្រុងសេអ៊ូល និងខេត្ត Gyeonggi កាលពីថ្ងៃចន្ទ ហើយអាចនឹងរាលដាលទៅកាន់គ្រប់ផ្នែកទាំងអស់នៃរដ្ឋធានី នៅថ្ងៃអង្គារសប្ដាហ៍នេះ៕





























