(កៀវ)៖ តាមក្រឹត្យមួយដែលបានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី សម្រេចដកតំណែងឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក គឺលោកស្រី Olha Stefanishyna ខណៈមិនទាន់មានការប្រកាសសមាសភាពថ្មីនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦។

នៅលើគណនី Facebook លោកស្រី Stefanishyna បញ្ជាក់ថាវាគឺជាការសម្រេចចិត្តលាលែងរបស់លោកស្រីផ្ទាល់។ តាមទូរទស្សន៍ឯកជន Suspilne របស់អ៊ុយក្រែន លោកស្រី Stefanishyna បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៉ីនតោន ថាលោក ហ្សេលេនស្គី មិនបានទាមទារឱ្យលោកស្រីលាលែងពីតំណែងឡើយ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន លោកស្រី Stefanishyna កំពុងស្ថិតក្រោមការស៉ើបអង្កេត ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ពីបទសង្ស័យថាបានប្រព្រឹត្តខុស ប៉ុន្តែមិនទាន់មានការចោទប្រកាន់ផ្លូវការទេ។
គួរបញ្ជាក់ថា លោកស្រី Stefanishyna បានបម្រើជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអាមេរិក អស់រយៈពេលជិត ១ឆ្នាំ។ ការចាកចេញនេះ ស្របពេលជាមួយការរុះរើមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ រួមទាំងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ៕





























