
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍៤ចំណុច ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យមានគុណភាព ប្រសិទ្ធភាព សមធម៌ និងនវានុវត្តន៍ ស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្ដេចអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា នៃសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំកម្ពុជា ឱ្យមានគុណភាព ប្រសិទ្ធភាព សមធម៌ និងនវានុវត្តន៍ សម្រាប់ក្រសួងអប់រំយុវជន និងកីឡា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ចំនួន៤ រួមមាន៖
*ទី១៖ ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្ម៤.០ តាមរយៈ ការកែលម្អវេទិកាឌីជីថល និង បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផលិតវីដេអូបង្រៀនមុខវិជ្ជាគោល និង សម្រាប់ថ្នាក់ប្រឡង, ការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការរៀន និង ការបង្រៀន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន, និង ការបង្កើតកម្មវិធីអប់រំឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ, បរិវត្តកម្មបច្ចេកវិទ្យា, និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល ។

*ទី២៖ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍នៃការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព, ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម, ក៏ដូចជា ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា,ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ដែលលម្អៀងទៅរកការប្រើប្រាស់បច្ចេកវិទ្យា និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងបង្កើនភាពធន់ និង កសាងសង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ ។
*ទី៣៖ ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋ ឌីជីថល និង បង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល សំដៅបង្កើនប្រសិទ្ធភាពន
ការបង្រៀន និង ការរៀនតាមប្រព័ន្ធឌីជីថល ព្រមទាំងលើកកម្ពស់ដល់ស្វ័យសិក្សារបស់សិស្សនិស្សិត ។ ដោយត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ធ្វើ
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន សម្រាប់ជំរុញការបណ្ដុះបណ្តាលតាមប្រព័ន្ធអនឡាញ សំដៅសម្រេចបានការអប់រំប្រកបដោយនិរន្តរភាព និង បរិយាប័ន្ន ព្រមទាំងលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា ។

*ទី៤៖ ត្រូវបន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ដោយផ្តោតលើវិធីសាស្ត្របង្រៀន កម្មវិធីបង្រៀន និង សម្ភារ-បរិក្ខារ ឱ្យបានសមស្របនឹងចក្ខុវិស័យនៃការអប់រំសតវត្សទី២១ ។ ទន្ទឹមនេះ, ត្រូវបន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថាន ជាពិសេស ការរៀបចំឱ្យមានបណ្ណាល័យដែលបើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និង ឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និងការស្រាវជ្រាវ នៅតាមគ្រឹះស្ថានសិក្សា, ទាំងរដ្ឋ និង ឯកជន ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា ត្រូវបន្តដើរតួនាទីនាំមុខ ជាទីប្រឹក្សា, ជាអ្នកតម្រង់ទិស, ជាអ្នកស្រាវជ្រាវ, និង ជានវានុវត្តជន ដែលត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ, ទាំងផ្នែក ចំណេះដឹង ចំណេះធ្វើ វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល, ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង៕



































