
ខេត្តបន្ទាយមានជ័យ៖ ការលះបង់ដើម្បីជាតិត្រូវបានបង្ហាញយ៉ាងច្បាស់ជាថ្មីម្តងទៀត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ តំណាងវីរកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារទឹកដីនៅទិសផ្ទាល់ដីយ៉ាងសមស្រប បានសម្តែងនូវកត្តញ្ញូ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន ពីសំណាក់ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ។
ក្នុងបេសកកម្មចុះសួរសុខទុក្ខ និងនាំយកអំណោយដោយផ្ទាល់ដល់ដៃកងទ័ពនេះ ត្រូវបានដឹកនាំដោយ លោក ឆុន វីរៈ ប្រធានសាខាសមាគមខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម និង លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម។
បេសកកម្មមនុស្សធម៌នេះ រួមមានការចូលរួមយ៉ាងសកម្មពី៖
ព្រះសង្ឃគ្រប់អង្គ ដែលជាបង្អែកស្មារតី និងជាបុណ្យកុសលដ៏ឧត្តុង្គឧត្តម
លោក ហោ តូ ទីព្រឹក្សាសមាគម
លោក សយ សុខុន
លោក សុខ ថៃ ប្រធានគម្រោង
លោក ជុំ ផល អនុប្រធានគម្រោង
លោក គង់ ហេង ប្រធានកម្មវិធី
លោក អឹម សុវាណ្ណានថា អនុប្រធានកម្មវិធី ព្រមទាំងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពជាច្រើនរូបទៀត។

សម្ភារដែលត្រូវបាននាំយកទៅប្រគល់ជូននាពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ និងថ្នាំសង្កូវវេជ្ជសាស្ត្រ ដែលជាជំនួយសង្គ្រោះបន្ទាន់ និងជាការលើកទឹកចិត្តយ៉ាងធំធេងដល់កងទ័ពអាវខ្មៅ និងអាវខៀវ ដែលកំពុងបំពេញភារកិច្ចយ៉ាងលះបង់យប់ថ្ងៃ ដើម្បីសុខសន្តិភាព និងបូរណភាពទឹកដី។
តំណាងវីរកងទ័ពបានគូសបញ្ជាក់ថា៖ សកម្មភាពដ៏ថ្លៃថ្លានិងជាប្រចាំរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់បេះដូងរវាងសមរភូមិក្រោយ និងសមរភូមិមុខ ដោយបានបន្សល់ទុកនូវក្តីគោរព ការនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅក្នុងបេះដូងកងទ័ពគ្រប់រូប។
ការចូលរួម និង ការលះបង់របស់យុវជនកម្ពុជានាពេលនេះ បានឆ្លុះបញ្ចាំងពីតម្លៃនៃ «សន្តិភាព» យ៉ាងពិតប្រាកដ និងជាគំរូដ៏ប្រពៃសម្រាប់សង្គមជាតិទាំងមូល៕ ដោយ ឯកឧត្តម បណ្ឌិត ឌីម សុខុន



































