មន្ត្រីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋចាស់ជរាក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ស្រីស៊ីផាន់ ភូខាន់ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាស្រុកសេសាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ ចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា ដែលកំពុងជួបការលំបាក រស់នៅក្នុងភូមិស្រែគរ២ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អំណោយដែលបានឧបត្ថម្ភជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបានកញ្ចប់ជំនួយ (Kit) រួមមាន៖
មី ស្ករស ទឹកត្រី និងទឹកស៊ីអ៊ីវ ថ្នាំដុសធ្មេញ ទឹកផ្លែឈើ
នាឱកាសនោះ លោក ស្រីស៊ីផាន់ ភូខាន់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និង លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។


លោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនបោះបង់ចោលនរណាម្នាក់ឡើយ ជាពិសេសក្រុមគោលដៅងាយរងគ្រោះ រួមមាន៖ ព្រះសង្ឃ កុមារកំព្រា ជនមានពិការភាព ប្រជាពលរដ្ឋទីទ័លក្រ និងខ្វះខាត ព្រមទាំងបានសម្តែងនូវការគិតគូរជាប្រចាំចំពោះវីរវរជន និងកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិផងដែរ។
សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការរួមចំណែកយ៉ាងសកម្មរបស់យុវជនកម្ពុជា ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងលើកកម្ពស់សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរឡើង៕ ដោយ ឯកឧត្តមបណ្ឌិត ឌីម សុខុន