លោកអភិបាលស្រុកស្ទោង បានឱ្យដឹងថា ការចូលរួមរបស់យុវជន អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងប្រជាពលរដ្ឋ ក្នុងការចូលរួមដាំដើមឈើ ជាចំណែកនៃការលើកកម្ពស់សោភ័ណភាព និងបរិស្ថាន

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងបានឱ្យដឹងថា ការចូលរួមរបស់យុវជន អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោក អាចារ្យ គណៈកម្មការ និងប្រជាពលរដ្ឋក្នុងការចូលរួមដាំដើមឈើ ជាចំណែកនៃការលើកកម្ពស់សោភ័ណភាព និងបរិស្ថាន

លោក សាយ គឹមឡម បានបានថ្លែងដូច្នេះនៅក្នុងពិធីដាំដើមឈើជាច្រើនរយដើមអមសងខាងផ្លូវថ្មីចូលទៅកាន់វត្តទួលព្រះធាតុ ហៅវត្តភ្លង កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។

លោកសង្កត់ធ្ងន់ថា ការដាំដើមឈើនៅថ្ងៃនេះគឺជាការបន្ថែមគម្របបៃតងជួយឱ្យតំបន់នោះមានខ្យល់អាកាសបរិសុទ្ធ មានម្លប់ត្រជាក់ និងកែលម្អទិដ្ឋភាពទូទៅឱ្យកាន់តែស្រស់បំព្រង ព្រោះដើមឈើទាំងនេះបានចូលរួម និងមានតួនាទីយ៉ាងសកម្មក្នុងការស្រូបយកឧស្ម័នកាបូនិច ដែលជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការឡើងកម្ដៅ នៃបរិយាកាសសកល។

ទន្ទឹមនឹងនេះគឺជាសកម្មភាពរួមគ្នា ជាគំរូដ៏ល្អក្នុងការបណ្តុះស្មារតីសាមគ្គីភាព និងបង្កើនស្មារតីទទួលខុសត្រូវចំពោះបរិស្ថានក្នុងស្រទាប់មហាជន ជាពិសេសសិស្សានុសិស្ស និងយុវជន។

លើសពីនេះ លោកអភិបាលស្រុកស្ទោង បានជំរុញបន្ថែមទៀតគ្រប់ស្រទាប់មហាជន យុវសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តត្រូវខិតខំរួបរួមសហការគ្នាក្នុងការរួមថែរក្សា ការពារ និងស្រោចទឹកឱ្យដុះលូតលាស់គង់វង្ស ជាស្មារតីម្ចាស់ការ ដើម្បីទុកជាសម្បត្តិរួមរហូតដល់ជំនាន់ក្រោយ។

លើសពីនេះទៀតលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងលោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ដែលបានកសាងផ្លូវ និងប្រឡាយថ្មីភ្ជាប់ពីមូលដ្ឋានទៅកាន់វត្តទួលព្រះធាតុ (ហៅវត្តភ្លង)សម្រាប់ប្រជាពុទ្ធបរិស័ទធ្វើដំណើរទៅធ្វើទៅបំពេញបុណ្យនៅក្នុងវត្តអារាមប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា ដើមឈើដែលដាំនៅក្នុងឱកាសនេះមានចំនួន៤៨៥ដើម ក្នុងនោះជាប្រភេទឈើ ធ្នង់ គគី ក្ងោក និងឈើហូបផ្លែ នៅលើផ្លូវថ្មីប្រវែង ១,៣០០ម៉ែត្រជាអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង។ អត្ថបទ រដ្ឋបាលស្រុកស្ទោង