ការវាយប្រហាររបស់ហ៊ូទី លើអារ៉ាប៊ីសាអូឌីត បណ្ដាលឱ្យជនស៊ីវិល ១១នាក់រងរបួស ចំពោះមុខហានិភ័យនៃការរាលដាលជម្លោះកាន់តែធំ

(រីយ៉ាដ)៖ ការវាយប្រហារមួយរបស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន លើភាគខាងត្បូងអារ៉ាប៊ីសាអូឌីត បានបណ្ដាលឱ្យជនស៊ីវិល១១នាក់ រងរបួសកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ខណៈទីក្រុងរីយ៉ាដព្រមានថាការវាយប្រហាររួមគ្នាមួយរវាងក្រុមហ៊ូទី និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់អាចនឹងកើតឡើងឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត​ លោក Turki al-Maliki បានឱ្យដឹងនៅថ្ងៃសុក្រ ទី៧ ខែសីហា ថាការវាយប្រហារលើខេត្ត Najran ស្ថិតនៅភាគខាងត្បូងអារ៉ាប៊ីសាអូឌីត បានបណ្ដាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីត ៧នាក់ យេម៉ែនម្នាក់ អេហ្ស៉ីប ២នាក់ និងប៉ាគីស្ថានម្នាក់ រងរបួស។ ក្នុងចំណោមជនរងគ្រោះទាំងនោះក៏មានក្មេងម្នាក់អាយុ៤ឆ្នាំផងដែរ ដែលរងរបួសរលាកកម្រិតទី២។ លោក Maliki បានចោទប្រកាន់ក្រុមហ៊ូទីពីការវាយប្រហារដោយមិនរើសមុខលើតំបន់ជនស៊ីវិលដែលនេះជាទង្វើរំលោភបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ និងបាននិយាយថា ក្រុមចម្រុះនឹងចាត់វិធានការចាំបាច់នានាដើម្បីការពារជនស៊ីវិល។

ដោយឡែក បើតាមមន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា បានរកឃើញថាក្រុមហ៊ូទី និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់ អាចនឹងបើកការវាយប្រហារមួយឆាប់ៗនេះលើតំបន់ជនស៊ីវិលលើទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានទាំង ហេដ្ឋារចនាសម្ព័ន្ធថាមពល កំពង់ផែ និងអាកាសយានដ្ឋាន៕