រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌទី ៣ នៅវត្ត ឥន្ទញាណ ហៅវត្តក្រោម

ខេត្តព្រះសីហនុ ៖ នៅល្ងាច ថ្ងៃ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ សុក្រ ទី 0៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួចចំរើនអភិបាល នៃ គណៈអភិបាល ខេត្តព្រះសីហនុ .ឯកឧត្តមឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ – ឯកឧត្តម តាក វ៉ាន់ថា អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តព្រះសីហនុ – លោក អុី សុខឡេងអភិបាលនៃគណៈអភិបាល ក្រុង ព្រះសីហនុ ព្រមទាំងអស់ លោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីអភិបាល រងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត កាន់បិណ្ឌទី៣ នៅវត្ត ឥន្ទញ្ញាណ ហៅវត្ត ក្រោម ស្ថិតនៅក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ព្រះតេជគុណ ប៊ុន ណេង ព្រះចៅអធិការ វត្តឥន្ទញ្ញាណ មានថេរដីកាថា៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តមគួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៌សំណេះសំណាល ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ដោយ អំពាវ នាវឲ្យ ឲ្យព្រះសង្ឃ គ្រប់អង្គនិង ពុទ្ធបរិស័ទគ្រប់រូប សូមមាន ការប្រុងប្រយ័ត្ន បង្ការពីជំងឺកូវីដ-១៩ និង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងពេលអញ្ជើញធ្វើបុណ្យកាន់បិណ្ឌតាមបណ្តាវត្តនានា ទូទាំងប្រទេស។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ មានប្រសាសន៌សំណេះសំណាល ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ដោយ អំពាវ នាវឲ្យ ឲ្យព្រះសង្ឃ គ្រប់អង្គនិង ពុទ្ធបរិស័ទគ្រប់រូប សូមមាន ការប្រុងប្រយ័ត្ន បង្ការពីជំងឺកូវីដ-១៩ និង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងពេលអញ្ជើញធ្វើបុណ្យកាន់បិណ្ឌតាមបណ្តាវត្តនានា ទូទាំងប្រទេស។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា៖ ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទម្លាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ និងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញាតិ និងសាច់សាលោហិតទាំង៧សន្ដានដែលធ្លាប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។

ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឱកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នាមកជួបជុំគ្នាបង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសទៅជួបជុំឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមក ហើយ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍បន្ថែមទៀតថា៖ ឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរ បានបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រេតអសុរកាយ។ ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ដែលបានសាងបាបកាលពីនៅមានជីវិតរស់ ហើយពេលចែកឋានទៅ មិនដឹងថាទៅចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។

ក្នុងឱកាសនោះថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ដែលជាពុទ្ធបរស័ទបានប្រគេនទេយ្យវត្ថុ រួមមាន ៖អង្ករ២០០គក. ទឹកសុទ្ធ១០កេស ទឹកក្រូច ៥ កេស និង មី២កេសធំ ត្រី ខ ២កេស. បច្ច័យ ៥លាន រៀល. ស្លាដក់ ១៧៥ អង្គ ក្នុង ១អង្គៗ ទទួលបាន បច្ច័យ ៥ម៉ឺនរៀល និង បច្ច័យ សំរាប់ វត្ត
ចំនួន ៥លានរៀល និង សម្ភារបរិក្ខារ ផ្សេងៗ ទៀត ដែលកើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងវេនទី៣ និង មន្ត្រីរាជការ ក្នុងខេត្តព្រះសីហនុ៕ដោយមនោរាហ៍