នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ច្រានចោលផែនការសន្តិភាពរបស់លោក ត្រាំ សម្រាប់តំបន់ហ្កាហ្សា

(ហ៊្សេរុយសាឡឹម)៖ កាលពីថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីនៃប្រទេសអ៉ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលជាសាធារណៈចំពោះផែនការសន្តិភាព ដឹកនាំដោយសហរដ្ឋអាមេរិក ហើយគាំទ្រដោយក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Netanyahu បាននិយាយថា អ៉ីស្រាអែលបដិសេធឯកសារ១៥ចំណុច ដោយសំដៅលើផែនការដែលក្រុមហាម៉ាសប៉ាឡេស្ទីន បានប្រកាសយល់ស្របកាលពីចុងខែកក្កដា។ លោកបានសង្កត់ធ្ងន់ថា យោធាអ៉ីស្រាអែលនឹងមិនដកទ័ពដាច់ខាត រហូតទាល់តែហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង ហើយនឹងបន្តទប់ស្កាត់ការគំរាមកំហែងនានា មកលើកងកម្លាំងក៏ដូចជា​ប្រជាជនអ៉ីស្រាអែល។

លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានហៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ជាមិត្តដ៏អស្ចារ្យ ប៉ុន្តែលោកបញ្ជាក់ថា អ៉ីស្រាអែលកំពុងលើកពីជំហរជំទាស់របស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោន។ លោក Netanyahu បាននិយាយដូច្នេះថា «ពួកគេមានគំនិតមួយចំនួន ដែលខ្លះយើងអាចទទួលយកបាន ប៉ុន្តែខ្លះទៀតវិញ គឺពុំអាចទទួលយក​ដាច់ខាត ហើយពួកយើងប្រកាន់ជំហររឹងមាំជុំវិញ​បញ្ហាទាំងនេះ»។ ទោះលោក Netanyahu បានប្រកាសបដិសេធបែបនេះក៏ដោយ យោធាអ៉ីស្រាអែល ត្រូវសង្កេតឃើញថា បានកាត់បន្ថយការវាយប្រហារនៅហ្កាហ្សា ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍មុន។

លោក Netanyahu ដែលជាមេដឹកនាំអ៉ីស្រាអែលកាន់អំណាចយូរបំផុត កំពុងមានសំឡេងគាំទ្រក្នុងកម្រិតប្រហាក់ប្រហែលគ្នា ឬក្រោម​គូប្រជែងរបស់លោក ក្នុងការស្ទង់មតិមួយចំនួននាពេលកន្លងមកនេះ នៅមុនការបោះឆ្នោតសកលដែលគ្រោងប្រព្រឹត្តទៅ​នាថ្ងៃទី២៧ ខែតុលាខាងមុខ។ វាគឺជាការបោះឆ្នោតលើកដំបូងបំផុត គិតចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាសលើអ៉ីស្រាអែល ដែលបាននាំឱ្យផ្ទុះសង្រ្គាមហ្កាហ្សា។ ការស្ទង់មតិទាំងនោះបង្ហាញឱ្យឃើញថា ផែនការសន្តិភាពរបស់អាមេរិក មិនមានការគាំទ្រឡើយក្នុងចំណោមក្រុមអ្នកគាំទ្រស្តាំនិយមរបស់លោក Netanyahu ហើយ​បណ្តាសមាជិកស្តាំនិយមក្នុងគណៈរដ្ឋមន្រ្តីរបស់លោក បាននាំគ្នាទទូចឱ្យរូបលោកកុំទទួលយកវា៕