ប្រមុខសង្ឃកាតូលិក អំពាវនាវជាថ្មីរកការបញ្ចប់សង្រ្គាមរុស្ស៉ី អ៊ុយក្រែន

(វ៉ាទីកង់)៖ នៅថ្ងៃអាទិត្យ ទី៩ ខែសីហា សម្តេចប៉ាប Leo បានមានបន្ទូលថា ប្រជាជនស្លូតត្រង់កំពុងត្រូវបានសម្លាប់ និងរងរបួស ទាំងនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជារុស្ស៉ី ព្រមទាំងបានអំពាវនាវឱ្យបញ្ចប់ជម្លោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

«ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតចេញពីចិត្ត ឱ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងឱ្យបញ្ឈប់ការវាយប្រហារទៅលើគោលដៅស៊ីវិល ពីសំណាក់ភាគីទាំងសងខាង»។ នេះជាការគូសបញ្ជាក់របស់សម្តេចប៉ាប ក្នុងពិធីជំនុំសាសនា។

គួរបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ (UN) ជនស៉ីវិលជាង ១៦ ០០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលជិត ៤ ឆ្នាំកន្លះនៃការប្រយុទ្ធគ្នា ដោយភាគច្រើនលើសលប់នៃពួកគេ គឺជាជនជាតិអ៊ុយក្រែន។ ទាំងរុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែបដិសេធថាខ្លួនមិនបានកំណត់គោលដៅ វាយប្រហារលើជនស៉ីវិលដោយចេតនានោះទេ៕