រុស្ស៉ី និងអ៊ុយក្រែន ចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារថ្មី បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស

(Moscow, kyiv)៖ អ៊ុយក្រែន និងរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារដែលបង្កឱ្យមានមនុស្សស្លាប់ ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេនស្គី ថាទីក្រុងមូស្គូកំពុងកំណត់គោលដៅលើសន្តិសុខស្បៀងអាហារពិភពលោក តាមរយៈការវាយប្រហារកំពង់ផែសមុទ្រ Odesa។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។

មនុស្ស ៣នាក់បានស្លាប់ និង ៣៧នាក់រងរបួស នៅក្នុងទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីអគារផ្ទះល្វែងមួយកន្លែង រងការវាយប្រហារ។ ដោយឡែក អាជ្ញាធរទីក្រុង Belgorod របស់រុស្ស៉ី បានរាយការណ៍ថា មនុស្ស ៥នាក់បានស្លាប់ និង ២៥នាក់រងរបួស ក្នុងការវាយប្រហារដោយយន្តហោះដ្រូន របស់អ៊ុយក្រែន។

លោក ហ្សេលេនស្គី បាននិយាយថា កំពង់ផែទីក្រុង Odesa បានរងការខូចខាត ខណៈអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ដ្រូន និងមីស៉ីលជាច្រើនគ្រាប់ បានវាយប្រហារទីក្រុងមាត់សមុទ្រភាគខាងត្បូងមួយនេះ បណ្តាលឱ្យមនុស្សប្រមាណ ១២នាក់រងរបួស។

ក្នុងពេលព្យាយាមរារាំងប្រភពចំណូលរបស់រុស្ស៉ី សម្រាប់យកមកធ្វើសង្គ្រាម អ៊ុយក្រែន ក៏បានវាយប្រហារនាវាដឹកប្រេង និងនាវាដឹកទំនិញផ្សេងទៀតរបស់រុស្ស៉ី នៅក្នុងតំបន់សមុទ្រខ្មៅផងដែរ ដោយបានអះអាងពីការវាយប្រហារបែបនេះ ចំនួន ៣លើកបន្ថែមទៀតកាលពីថ្ងៃអាទិត្យ។

តាមក្រសួងការពារជាតិរុស្ស៉ី ខ្លួនបានវាយប្រហារលើឃ្លាំងស្តុកប្រេងឥន្ធនៈ ដែលត្រូវបានប្រើប្រាស់ ដើម្បីបម្រើដល់កងទ័ពអ៊ុយក្រែន នៅឯកំពង់ផែទីក្រុង Odesa និងទីក្រុង Chornomorsk ដែលនៅក្បែរនោះ៕