អ៉ីរ៉ង់តែងតាំងប្រធានថ្មី នៃស្ថាប័នសន្តិសុខជាតិកំពូលរបស់ខ្លួន

(តេហេរ៉ង់)៖ លោក Mohsen Rezaei ដែលជាអតីតមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ត្រូវបានតែងតាំងជា លេខាធិការស្ថាប័នសន្តិសុខជាតិកំពូល របស់សាធារណរដ្ឋអ៉ីស្លាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីយប់ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦។

លោក Mehdi Tabatabaei អ្នកនាំពាក្យប្រធានាធិបតីអ៉ីរ៉ង់ បានប្រកាសថា «ដោយសារការលាលែងរបស់លោក Mohammad Bagher Zolghadr ពីតំណែងជា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូល និងការតែងតាំងលោកទៅកាន់មុខងារថ្មី លោកប្រធានាធិបតី Masoud Pezeshkian បានតែងតាំងលោក Mohsen Rezaei ជាប្រធានថ្មីនៃស្ថាប័ននេះ»

លោក Rezaei អាយុ៧១ឆ្នាំ បានដឹកនាំ IRGC ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៧ ជាអាណត្តិមួយ ដែលរាប់បញ្ចូលស្ទើរតែពេញមួយសង្គ្រាមអ៉ីរ៉ង់-អ៉ីរ៉ាក់ មុនពេលលោកទៅកាន់ តំណែងនយោបាយជាន់ខ្ពស់ជាបន្តបន្ទាប់។ ក្រោយមកទៀត លោកបានកាន់តួនាទី ជាទីប្រឹក្សាយោធារបស់មេដឹកនាំកំពូល Ayatollah Mojtaba Khamenei។

នាពេលនេះ លោកនឹងក្លាយជាទីប្រឹក្សានយោបាយរបស់លោក Khamenei។ អ្នកកាន់តំណែងមុនរបស់លោក គឺលោក Zolghadr ក៏ជាអតីតមេបញ្ជាការ IRGC ផងដែរ ហើយបានឡើងដឹកនាំក្រុមប្រឹក្សានេះ កាលពីខែមីនា។ កាលពីខែកក្កដា លោក Rezaei បានប្រកាសថា ការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលបច្ចុប្បន្នកំពុងក្លាយជា ចំណុចស្នូលក្នុងជម្លោះអូសបន្លាយ រវាងអ៉ីរ៉ង់និងសហរដ្ឋអាមេរិក គឺសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែររាប់សិបគ្រាប់ ទៅទៀត៕