កូនប្រុសលោក Biden បង្ហើបឱ្យដឹងថា ជំងឺមហារីករបស់លោកអតីតប្រធានាធិបតីអាមេរិក បន្តវិវត្តកាន់តែខ្លាំង

(ឡុងដ៍)៖ ក្នុងកិច្ចសម្ភាសមួយនាពេលថ្មីៗនេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC លោក Hunter Biden ដែលត្រូវជាកូនប្រុសអតីតប្រធានាធិបតីអាមេរិក Joe Biden បានឱ្យដឹងថា ស្ថានភាពជំងឺមហារីករបស់ឪពុកលោក បានរីករាលដាលកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦។

កាលពីខែឧសភា ឆ្នាំ២០២៥ បួនខែបន្ទាប់ពីលោកបានចាកចេញពីតំណែង ជាប្រធានាធិបតីអាមេរិកមានវ័យចំណាស់ជាងគេ លោក Joe Biden បានបង្ហើបថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមាន ជំងឺមហារីកក្រពេញប្រូស្តាតប្រភេទកាចសាហាវ ដែលបានរាលដាលដល់ឆ្អឹងរបស់លោក។ បន្ទាប់មក លោកបានចាប់ផ្តើមការព្យាបាល ដែលរួមមានទាំងវិធីព្យាបាលដោយកាំរស្មីនិងអ័រម៉ូន ហើយកាលពីខែកក្កដា អតីតប្រធានាធិបតីវ័យ៨៣ឆ្នាំរូបនេះ បានពណ៌នាថា «វាប្រព្រឹត្តទៅយ៉ាងល្អ»។

នៅក្នុងបទសម្ភាសទូលំទូលាយមួយ ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ជាមួយកម្មវិធី BBC Newsnight លោក Hunter Biden បាននិយាយថា ជំងឺរបស់ឪពុកលោកបានបន្តរាលដាល ទោះបីជាមានការព្យាបាលក៏ដោយ។ លោក Biden បានប្រាប់ថា «ជំងឺមហារីកបានបន្តវិវត្ត គឺវាបានរាលដាលហួសឆ្អឹង និងទៅកន្លែងផ្សេងទៀត។ លោកថា វាបង្កការឈឺឆាប់និង​​ធ្វើឱ្យរូបរាងកាយឪពុកលោកចុះទន់ខ្សោយជាខ្លាំង ប៉ុន្តែទោះជាបែបនេះក៏ដោយ លោក Joe Biden នៅតែកំពុងបន្តធ្វើការងារ​និងសកម្មភាពផ្សេងៗ តាមតែអាចទៅរួច៕