(សេអ៊ូល)៖ នៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA មានចំណងជើងថា «សៀវភៅសរបស់ជប៉ុនស្ដីពីវិស័យការពារជាតិគឺជាផ្នត់គំនិតឈ្លានពាននិយម» អ្នកវិភាគកូរ៉េខាងជើងម្នាក់ បាននិយាយថាសៀវភៅសឆ្នាំ២០២៦ របស់ជប៉ុន បានចោទប្រកាន់ដោយគ្មានមូលដ្ឋានថាកូរ៉េខាងជើងជាបញ្ហាប្រឈមខាងយុទ្ធសាស្ត្រដ៏ធំ ដើម្បីប្រើវាជាលេសក្នុងការពង្រឹងសមត្ថភាពយោធាតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។

ទីក្រុងព្យុងយ៉ាងបានបង្កើនការរិះគន់ប្រឆាំងនឹងគោលនយោបាយការពារជាតិរបស់ទីក្រុងតូក្យូ ជាមួយការចេញសេចក្ដីថ្លែងការណ៍យ៉ាងហោច ៧លើក ចាប់តាំងពីខែកក្កដាមក។
តួយ៉ាង កាលពីសប្ដាហ៍មុន លោកស្រី គីម យ៉ូជុង ជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថាទីក្រុងព្យុងយ៉ាងនឹងប្រើប្រាស់ជម្រើសយោធា ជាការឆ្លើយតបទៅនឹងអ្វីដែលលោកស្រីចាត់ទុកថាជាការបំប្លែងខ្លួនរបស់ជប៉ុនទៅជាមហាអំណាចយោធាមួយ បន្ទាប់ពីជប៉ុនបានធ្វើតេស្ដបាញ់មីស៊ីលគ្រូស Tomahawk ផលិតដោយសហរដ្ឋអាមេរិក។
ក្រោយការព្រមាននេះបានមួយថ្ងៃ កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រស្ថិតនៅចន្លោះរវាងកូរ៉េខាងជើង និងជប៉ុន ដោយក្រុមអ្នកវិភាគចាត់ទុកការធ្វើតេស្ដនេះជាសារព្រមានផ្ញើទៅកាន់ទីក្រុងតូក្យូ៕





























