សិស្សានុសិស្ស និងអាណាព្យាបាល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងអាវុធហត្ថ និងប្រជាការពារ ដែលបានសម្រួលចរាចរណ៍យ៉ាងយកចិត្តទុកដាក់ ក្នុងសម័យប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ខេត្តព្រះសីហនុ ៖ សិស្សានុសិស្ស រួមជាមួយមាតាបិតា និងអាណាព្យាបាលជាច្រើនរូប ដែលបានធ្វើដំណើរទៅសម្រួល និងជូនដំណើរបុត្រធីតាទៅប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន មិត្តភាព បានសម្តែងនូវក្តីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើអន្តរាគមន៍ និងសម្រួលចរាចរណ៍យ៉ាងសកម្ម យកចិត្តទុកដាក់ខ្ពស់បំផុត រយៈពេលពីរថ្ងៃពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ។

តាមប្រភពព័ត៌មានពីមុខមណ្ឌលប្រឡងបានឱ្យដឹងថា នៅពេលព្រឹកព្រលឹម និងពេលចេញសម្រាក ស្ថានភាពចរាចរណ៍នៅតាមដងផ្លូវមុខមណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានភាពកកកុញខ្លាំង ដោយសារមានការធ្វើដំណើរយ៉ាងច្រើនកុះករពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមានវត្តមានយ៉ាងស្វាហាប់ និងភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ពីសំណាក់កងកម្លាំងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារដែលបានឈរជើងការពារ និងសម្រួលផ្លូវក្រោមដំណក់ទឹកភ្លៀង និងកំដៅថ្ងៃ បានធ្វើឱ្យលំហូរចរាចរណ៍មានភាពរលូន និងមិនមានការកកស្ទះយូរឡើយ។

លោក រ៉ី នោរៀ ជាអាណាព្យាបាល សិស្សម្នាក់ ឈ្មោះ ស៊ិន ខុគីម ដែលបានជូនកូនមកប្រឡងនៅមណ្ឌលខាងលើ បានសម្តែងអារម្មណ៍រំភើប បានមានប្រសាសន៍ យ៉ាងដូច្នេះថា៖

ពួកយើងជាអាណាព្យាបាល មានសេចក្តីកក់ក្តៅ និងរំភើបចិត្តជាខ្លាំង នៅពេលបានឃើញកងកម្លាំងទាំងអស់ លះបង់កម្លាំងកាយចិត្ត ឈរសម្រួលផ្លូវ និងការពារសុវត្ថិភាពជូនកូនៗរបស់យើងដោយញញឹមញញែម និងយកចិត្តទុកដាក់។ ការលះបង់របស់បងប្អូនកងកម្លាំង ពិតជាបានជួយកាត់បន្ថយភាពតានតឹងរបស់បេក្ខជន និងបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំង ដល់ការធ្វើដំណើររបស់សិស្សានុសិស្សឱ្យបានចូលប្រឡងទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ក្រុមសិស្សានុសិស្សទាំងអស់ក៏បានសម្តែងនូវក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងចាត់ទុកសកម្មភាពដ៏ប្រពៃនេះថាជាកម្លាំងចិត្តបន្ថែមមួយ ធ្វើឱ្យពួកគេមានអារម្មណ៍ស្ងប់ និងមានទំនុកចិត្តខ្ពស់ក្នុងការប្រឡង។

សកម្មភាពដ៏មមាញឹក និងការលះបង់ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារក្នុងរយៈពេល ២ថ្ងៃនេះ មិនត្រឹមតែបានធានានូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវរូបភាពដ៏ល្អប្រពៃ និងការចងចាំប្រកបដោយស្នាមញញឹម និងសេចក្តីថ្លៃថ្នូរ នៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអាណាព្យាបាលគ្រប់ៗរូបផងដែរ៕ ដោយ នីណា ញូស៍