
ខេត្តព្រះសីហនុ ៖ បេក្ខជន បេក្ខនារី លោកគ្រូ អ្នកគ្រូ ព្រមទាំងមាតាបិតានិងអាណាព្យាបាល បានទះដៃអបអរសាទរ ដោយមានទឹកមុខសប្បាយរីករាយ និងក្តីរំភើបឥតឧបមា ខណៈដែលពិធីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានរយៈពេល ២ ថ្ងៃ បានឈានចូលដល់ទីបញ្ចប់ដោយជោគជ័យ និងមានរៀបរយជាស្ថាពរ។
លោក រ៉ី នោរៀ ជាឪពុករបស់បេក្ខជន ឈ្មោះ ស៊ិន សុខគីម បានសម្តែងអារម្មណ៍រំភើបដោយទឹកមុខញញឹមប្រកបដោយមោទនភាពថា៖ ក្នុងនាមជាឪពុក មើលឃើញកូនឆ្លងកាត់ការខិតខំប្រឹងប្រែងយ៉ាងលំបាក ហើយបានបញ្ជប់ការប្រឡងដោយរលូនបែបនេះ លោក ពិតជាមានក្តីរំភើបរករៀបរាប់មិនត្រូវឡើយ។ លោក
នោរៀ ជឿជាក់លើសមត្ថភាពកូន ហើយសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលល្អនឹងឆ្លើយតបទៅនឹងការខិតខំរបស់កូន។ ទោះជាលទ្ធផលយ៉ាងណាក៏ដោយ កូនគឺជាមោទនភាពដ៏ធំបំផុតសម្រាប់គ្រួសារយើង។

ចំណែកឯ លោកស្រី ស៊ិន សុខឃីម ដែលជាម្តាយរបស់បេក្ខជនឈ្មោះ មិញ ភូ ក៏បានមានប្រសាសន៍បន្ថែមទាំងរំភើបថា៖ ឃើញកូនដើរចេញពីមណ្ឌលប្រឡងដោយស្នាមញញឹម ភាពតានតឹងទាំងប៉ុន្មានដែលធ្លាប់មាននៅក្នុងចិត្តត្រូវបានរលាយបាត់អស់។ រយៈពេលកន្លងមក ឃើញកូនរៀនយប់ជ្រៅ មិនសូវបានសម្រាក ម្តាយអាណិតកូនណាស់។ ថ្ងៃនេះឃើញគេធ្វើបានល្អ និងមានក្តីសង្ឃឹម បេះដូងជាម្តាយពិតជារកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
ដោយឡែក បេក្ខជន ស៊ិន សុខគីម ផ្ទាល់បានរៀបរាប់អំពីដំណើរដើរមកដល់ចំណុចនេះទាំងជឿជាក់ថា៖ ការប្រឡងរយៈពេល ២ ថ្ងៃនេះ គឺជាការវាស់ស្ទង់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ រយៈពេលមួយឆ្នាំពេញ។ តាំងពីដើមឆ្នាំសិក្សាមក ខ្ញុំបានលះបង់ពេលវេលាកម្សាន្ត ប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង រំលឹកមេរៀន និងធ្វើលំហាត់យ៉ាងសកម្មទាំងយប់ទាំងថ្ងៃ។ ពេលឃើញវិញ្ញាសាចេញមកចំអ្វីដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ខ្ញុំមានអារម្មណ៍ជឿជាក់លើខ្លួនឯងយ៉ាងខ្លាំង ហើយសង្ឃឹមថានឹងទទួលបាននិទ្ទេសល្អដូចការរំពឹងទុក ។

ជាមួយគ្នានេះដែរ លោកគ្រូ ស៊ី នួន ដែលជាគណៈកម្មការអនុរក្ស និងជាតំណាងគណៈកម្មការប្រឡង បានមានប្រសាសន៍វាយតម្លៃលើដំណើរការប្រឡងតាមលក្ខណៈបច្ចេកទេសថា៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានប្រព្រឹត្តទៅក្រោមគោលការណ៍ អ្នកចេះគឺជាជាប់ យ៉ាងម៉ឺងម៉ាត់បំផុត។ គណៈកម្មការគ្រប់ផ្នែកបានបំពេញភារកិច្ចប្រកបដោយតម្លាភាព យុត្តិធម៌ និងសុក្រឹតភាព ទាំងការត្រួតពិនិត្យវត្តមាន សន្តិសុខ សុវត្ថិភាព និងការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងនិងក្រៅបន្ទប់ប្រឡង។ បេក្ខជនទាំងអស់បានគោរពបទបញ្ជាផ្ទៃក្នុងយ៉ាងល្អប្រសើរ ហើយគ្មានបាតុភូតមិនប្រក្រតីណាមួយកើតឡើងឡើយ ដែលនេះឆ្លុះបញ្ចាំងពីគុណភាព និងស្តង់ដារនៃការអប់រំនៅកម្ពុជាកាន់តែមានកម្រិតខ្ពស់។
បរិយាកាសនៅចុងបញ្ចប់នៃការប្រឡង មិនត្រឹមតែជាការបញ្ចប់នូវភាពតានតឹងនៃវិញ្ញាសារប្រឡងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបើកទំព័រថ្មីមួយនៃក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា ក្នុងការឈានជើងចូលទៅកាន់កម្រិតឧត្តមសិក្សា និងការកសាងសង្គមជាតិនាពេលអនាគត៕ ដោយ នីណា ញូស៍




































