តៃវ៉ាន់ ថ្កោលទោសគម្រោងធ្វើសមយុទ្ធរបស់កងទ័ពជើងទឹកចិនជាមួយឥណ្ឌូណេស៊ី 

(តៃប៉ិ)៖ កោះតៃវ៉ាន់បានថ្កោលទោសគម្រោងធ្វើសមយុទ្ធរបស់កងទ័ពជើងទឹកចិន ជាមួយនាវាចម្បាំងឥណ្ឌូណេស៊ីមួយគ្រឿងនៅឆ្នេរភាគខាងកើត កោះតៃវ៉ាន់ ដោយហៅថានេះជាសកម្មភាពដ៏គ្រោះថ្នាក់ ហើយចោទថាចិនកំពុងធ្វើឱ្យសហគមន៍អន្តរជាតិយល់ច្រឡំថាខ្លួនកំពុងគ្រប់គ្រងដែនទឹកទាំងនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយកាលពីខែមិថុនាកន្លងទៅបានចាប់ផ្ដើមធ្វើប្រតិបត្តិការល្បាតឆ្មាំសមុទ្រនៅឆ្នេរភាគខាងកើតកោះតៃវ៉ាន់ ដោយបង្កឱ្យមានការខឹងសម្បារ នៅក្នុងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន ព្រមទាំងបណ្ដាប្រទេសលោកខាងលិចមួយចំនួន។ ក្រសួងការពារជាតិចិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាសមយុទ្ធមួយនឹងត្រូវ ធ្វើឡើងនៅពាក់កណ្ដាលខែសីហា នៅឯទីតាំងមួយស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់។

តែមិនបានបញ្ជាក់ថាតើសមយុទ្ធនេះនឹងធ្វើឡើងនៅទីតាំងណាឱ្យប្រាកដនោះទេ គ្រាន់តែឱ្យដឹងថា វាជាសមយុទ្ធជើងទឹកមួយដែលនឹងត្រូវធ្វើរួមគ្នាជាមួយនាវាចម្បាំងឥណ្ឌូណេស៊ីមួយគ្រឿង។ នេះគឺជារឿងកម្របំផុតមួយ ពីព្រោះចិនជាធម្មតាមិនដែលធ្វើសមយុទ្ធយោធាជាមួយយោធាបរទេសនៅក្បែរតៃវ៉ាន់នោះទេ។

ចំណែក ខាងកងទ័ពជើងទឹកឥណ្ឌូណេស៊ីវិញមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។

តៃវ៉ាន់បានចាត់ទុកគម្រោងធ្វើសមយុទ្ធរវាងចិន និងឥណ្ឌូណេស៊ីជាសកម្មភាពដ៏គ្រោះថ្នាក់ និងជាទង្វើបង្កហេតុយោធា ហើយថាប៉េកាំងគួរតែបញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់ដែលអាចបំផ្លាញស្ថានភាពដើម៕