ស្រុកគូលែន ប្រារព្ធយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានសហការរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ (ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់) ដើម្បីកៀរគរប្រភពឈាមបម្រុងទុកសម្រាប់សង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ នេះ នៅទីស្តីការការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគូលែន ក្រោមអធិបតីភាព ឯកឧត្តម ណុប វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី លោក ប៉ែន ជឹង អភិបាលស្រុកគូលែន លោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុកគូលែន ព្រមទាំងអាជ្ញាធរឃុំទាំង ៦ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋសរុបប្រមាណ ៣៥០ នាក់។

យុទ្ធនាការមនុស្សធម៌នេះ រៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីនៃការចែករំលែក សាមគ្គីភាព និងការជួយសង្គ្រោះជីវិតគ្នាក្នុងសង្គម ដោយផ្តោតលើការផ្គត់ផ្គង់ឈាមដោយសុវត្ថិភាពសម្រាប់ឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យ។
ចំណុចសំខាន់ៗនៃព្រឹត្តិការណ៍៖
គោលបំណង បង្កើនស្តុកឈាមបម្រុងនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម។
អ្នកចូលរួម មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋសរុប ៣៥០ នាក់។

ទីតាំងការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគូលែន ខេត្តព្រះវិហារ។
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាមនាឱកាសនេះ ដែលជាកាយវិការមនុស្សធម៌ដ៏ឧត្តុង្គឧត្តមក្នុងការរួមចំណែកសង្គ្រោះជីវិតមនុស្សក្នុងសហគមន៍។ដោយ សួនពិសិតព្រះវិហារ។