
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦នេះ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនៃ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ បានរួមគ្នានាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃវីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងសកម្មនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
សកម្មភាពមនុស្សធម៌ និងបុណ្យកុសលដ៏ថ្លៃថ្លានេះ ត្រូវបានដឹកនាំដោយ លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម, លោក ហោ តូ, លោក សុខ ថៃ ប្រធានគម្រោង, លោក ជុំ ផល អនុប្រធានគម្រោង, លោក ម៉ូវ ជីនៅ ប្រធានផ្នែក, លោក ហៀង ហៃ ព្រមទាំងសមាជិក សមាជិកានៃសមាគមជាច្រើនរូបទៀត។
អ្វីដែលកាន់តែពិសេស និងមានន័យជ្រាលជ្រៅនោះ គឺការទទួលបានព្រះវត្តមានពីសំណាក់ ព្រះសង្ឃគ្រប់អង្គ ដែលបាននិមន្តផ្ទាល់ដល់ខ្សែត្រៀមជួរមុខ ដើម្បីប្រគល់អំណោយ និងប្រោសព្រំសិរីសួស្តី លើកទឹកចិត្តដល់កងទ័ពជួរមុខ។

សារអប់រំពុទ្ធសាសនា និងស្មារតីសប្បុរសធម៌
តាមភារៈដីកា ព្រះសង្ឃតំណាងឱ្យព្រះសង្ឃគ្រប់អង្គ ដែលបាននិមន្តចូលរួមក្នុងពិធីចែកអំណោយនោះ មានថេរដីកាប្រកបដោយសទ្ធាជ្រះថ្លាថា៖
ការនាំយកអំណោយមកប្រគល់ជូននាពេលនេះ គឺជាការស្តែងចេញនូវទឹកចិត្តសប្បុរសធម៌ និងស្មារតីកតញ្ញូធម៌តាមបែបពុទ្ធសាសនា ចំពោះវីរៈកងទ័ពដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដី ប្រជាជន និងព្រះពុទ្ធសាសនា។ ក្នុងនាមជាសង្ឃ អាត្មាភាពសូមសម្តែងនូវព្រះទ័យកោតសរសើរ និងសូមប្រោសព្រំប្រទានពរជ័យ ព្រមទាំងធម៌មេត្តា សូមឱ្យកងទ័ពជួរមុខទាំងអស់ មានស្មារតីរឹងមាំ ប្រកបដោយបញ្ញា និងអត់ធន់ក្នុងការបំពេញភារកិច្ច។ សូមឱ្យអំណាចនៃគុណព្រះរតនត្រ័យជួយបីបាច់ថែរក្សាវីរៈកងទ័ពយើងឱ្យជួបតែសេចក្តីសុខ និងសុវត្ថិភាពជានិច្ច។
ការប្តេជ្ញាចិត្តក្នុងនាមអ្នកដឹកនាំមនុស្សធម៌ប្រចាំតំបន់
ជាមួយគ្នានេះដែរ លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា៖
ក្នុងនាមជាអ្នកដឹកនាំសាខាសមាគមនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាតំបន់ផ្ទាល់នៅជិតព្រំដែន យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា សកម្មភាពមនុស្សធម៌នេះមិនមែនត្រឹមតែជាការផ្តល់ជូននូវសម្ភារ ឬគ្រឿងឧបភោគបរិភោគប៉ុណ្ណោះទេ ប៉ុន្តែវាជាការភ្ជាប់បេះដូងរវាងសមរភូមិក្រោយ និងសមរភូមិមុខ។ ក្នុងនាមតំណាងឱ្យ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី និងសមាជិកសមាជិកាទាំងអស់ យើងខ្ញុំនឹងបន្តបេសកកម្មមនុស្សធម៌នេះឱ្យកាន់តែសកម្ម ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងជាកម្លាំងចិត្តដល់វីរៈកងទ័ពដែលជាខែលការពារជាតិរបស់យើង។

ដូចគ្នានេះដែរលោកមេបញ្ជាការ វីរៈកងទ័ពជួរមុខម្នាក់តំណាងកងកម្លាំងមានប្រសាសន៍ថា៖ វីរៈកងទ័ពឈរជើងការពារព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ បានសម្តែងនូវអារម្មណ៍រំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ យើងខ្ញុំជាកងទ័ពជួរមុខ សូមសម្តែងនូវក្រាបថ្វាយបង្គំអរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះសង្ឃគ្រប់អង្គ និងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី, លោក ឆុន វីរៈ ព្រមទាំងប្រតិភូសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ ដែលបានចំណាយពេលវេលា និងធនធាន ចុះមកសួរសុខទុក្ខដល់ទីតាំងឈរជើងផ្ទាល់។ វត្តមានរបស់ព្រះសង្ឃ និងសមាគមនៅពេលនេះ គឺជាកម្លាំងចិត្តដ៏មហាសាលដែលធ្វើឱ្យយើងខ្ញុំកាន់តែមានស្មារតីមោះមុត ក្នុងការបន្តបេសកកម្មបម្រើជាតិ និងការពារបូរណភាពទឹកដីឱ្យបានគង់វង្ស។
លោកមេបញ្ជាការតំណាងវីរៈកងទ័ពដដែលបានមានប្រសាសន៍បន្ថែមថា៖ បេសកកម្មមនុស្សធម៌នេះ បានបញ្ចប់ទៅដោយបរិយាកាសស្និតស្នាល រំភើប និងពោពេញដោយស្នាមញញឹម ព្រមទាំងបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីសាមគ្គីភាពយ៉ាងរឹងមាំរវាង “ពុទ្ធចក្រ និង អាណាចក្រ” ក្នុងការគាំទ្រដល់ការការពារជាតិមាតុភូមិ៕ដោយ លោក ឆុន វីរៈ

































