មេបញ្ជាការតំបន់ប្រតិបត្តិការដឹករងកំពង់ធំ អមដំណើរឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យការកាយក្រវ៉ាត់ព្រំដីរបស់រដ្ឋ​ នៅឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដឹកនាំសហការីអមដំណើរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទៅត្រួតពិនិត្យការកាយក្រវ៉ាត់ព្រំដី ដើម្បីការពារដីរបស់រដ្ឋ ដែលបានលួចកាប់ទន្ទ្រាននាពេលកន្លងទៅ និងមិនឱ្យមានការកាប់ទន្ទ្រានជាថ្មី ងាយស្រួលក្នុងការគ្រប់គ្រងដីរបស់រដ្ឋ មិនឲ្យមានការបាត់បង់តទៅទៀត នៅតំបន់អូរដៃជ្រៃ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឯកឧត្តម នួន ផារ័ត្ន និងប្រតិភូក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួន ជាមួយឯកឧត្តម តឹប ញាតា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងជាអនុប្រធានក្រុមការងារប្រចាំការ ដើម្បីគ្រប់គ្រងនិងដំណើរការបណ្ដាស្ថានីយ៍ផ្សព្វផ្សាយ និងដាំស្ដារព្រៃឈើឡើងវិញក្នុងខេត្តកំពង់ធំ នៅទីស្នាក់ការរដ្ឋបាលព្រៃឈើតំបន់អូរដៃជ្រៃ  ។

ឯកឧត្តម តឹប ញាតា បានឡើងធ្វើរបាយការណ៍មួយចំនួនពាក់ព័ន្ធនឹងបញ្ហាការដាំស្ដារព្រៃឈើឡើងវិញ នៅតាមបណ្ដាស្ថានីយ៍ក្នុងខេត្តកំពង់ធំ  ដែលគិតមកដល់បច្ចុប្បន្ននេះ ស្ថានីយ៍ផ្សព្វផ្សាយ និងដាំស្ដារព្រៃឈើឡើងវិញ បានដាំដើមឈើក្រញូង ដើមធ្នង់ និងប្រភេទឈើព្រៃផ្សេងៗទៀត បានជាង ១៥០០ ហិកតារួចហើយ ក្នុងនោះព្រៃឈើមួយចំនួនបានដុះលូតលាស់ធំៗ ក្លាយជាព្រៃឈើធម្មជាតិ ដូចជានៅតំបន់អូរបឹងរូង ដែលជាតំបន់ចំការព្រៃឈើក្រញូងជាដើម ។ហើយបច្ចុប្បន្នកំពុងបន្តដាំស្ដារព្រៃឈើបន្ថែមទៀត នៅតំបន់អូរដៃជ្រៃឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅលើដីរបស់រដ្ឋ ។

ឯកឧត្តម នួន ផារ័ត្ន បានជួបសំណេះសំណាល និងណែនាំប្រជាពលរដ្ឋមួយចំនួន នៅតំបន់អូរដៃជ្រៃ ដើម្បីឲ្យគាត់បានយល់ជ្រួតជ្រាបក្នុងការក្រវ៉ាត់ព្រំដី ក្នុងគោលបំណងគឺការពារដីរបស់រដ្ឋ កុំឲ្យមានការរំលោភបំពាន និងបន្តមានការបាត់បង់តទៅទៀត ហើយនៅពេលខាងមុខ នឹងធ្វើការវាយតម្លៃ គោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ។ ជាមួយនោះដែរ នឹងមានគម្រោងដំណើរការដាំស្ដារព្រៃឈើ និងដាំដំណាំយុទ្ធសាស្ត្រយូរអង្វែងជាប្រយោជន៍របស់សង្គមជាតិយើងទាំងមូល និងបានហាមដាច់ខាតមិនអនុញ្ញាតឱ្យមានជនណាម្នាក់លួចកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ បានទៀតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទរបស់ធនធានធម្មជាតិ បានប្ដេជ្ញាចិត្តក្នុងការការពារ ទប់ស្កាត់ មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ និងបន្តប្តេជ្ញាចិត្តគោរពអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការការពារសម្បត្តិធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។៕