
កំពង់ធំ៖ នៅថ្ងៃទី១៥ -១៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានរៀបចំយុទ្ធនាការអប់រំ និងបង្ការជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាមួយចំនួនក្នុងខេត្ត និងនៅសហគមន៍ភូមិចំបក់ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងយុទ្ធនាការនេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន អំពីមូលហេតុ ការចម្លង រោគសញ្ញា និងវិធីបង្ការជំងឺគ្រុនឈាម។ ការផ្សព្វផ្សាយនេះ មានគោលបំណងបង្កើនការយល់ដឹងដល់សិស្សានុសិស្ស និងលើកទឹកចិត្តឱ្យពួកគេយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងសហគមន៍ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។

លោក ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងលោកស្រី អុន ផល្លា ប្រធានកម្មវិធីជំងឺគ្រុនឈាម បានមានប្រសាសន៍ថា ជំងឺគ្រុនឈាមនៅតែជាបញ្ហាសុខភាពសាធារណៈដែលត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសការយល់ដឹង និងការអនុវត្តវិធានការបង្ការរបស់ប្រជាពលរដ្ឋ។
ក្រុមការងារបានណែនាំសិស្សានុសិស្ស
និងប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ «៣កុំ ៣បំបាត់» ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រុនឈាម។ វិធានការទាំងនេះ រួមមាន កុំឱ្យមូសខាំ កុំឱ្យមានទឹកដក់ និងកុំធ្វេសប្រហែសចំពោះអ្នកមានអាការៈក្តៅខ្លួន។ ទន្ទឹមនេះ ត្រូវបំបាត់ជម្រកដង្កូវទឹក ដោយសម្អាតបរិស្ថានជុំវិញផ្ទះ គ្របធុងទឹក និងកម្ចាត់វត្ថុដែលអាចដក់ទឹកបានជាប្រចាំ។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសបានចុះបាញ់ថ្នាំសម្លាប់មូសតាមលំនៅឋាន និងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងភូមិចំបក់ ដើម្បីកាត់បន្ថយចំនួនមូសខ្លា ដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម និងទប់ស្កាត់ការរីករាលដាលនៃជំងឺក្នុងសហគមន៍។
មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសម្អាតបរិស្ថាន និងបំបាត់ប្រភពទឹកដក់នៅជុំវិញផ្ទះជាប្រចាំ។ ប្រសិនបើកុមារ ឬសមាជិកគ្រួសារមានអាការៈក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ឬមានរោគសញ្ញាសង្ស័យជំងឺគ្រុនឈាម ត្រូវប្រញាប់នាំទៅពិនិត្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។

យុទ្ធនាការនេះ គឺជាផ្នែកមួយនៃការពង្រឹងវិធានការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាមក្នុងខេត្តកំពង់ធំ សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ កាត់បន្ថយការចម្លងជំងឺ និងការពារសុខភាពប្រជាពលរដ្ឋក្នុងសហគមន៍។ អត្ថបទដោយ លោក លន សុភា ពិនិត្យ ដោយលោក ប៉ាត ពណ្ណរាយ

































