ឯកឧត្តម ជីវ ស៊ុនហេង នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា និងលោកជំទាវ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តខ័ណ្ឌសារ ក្នុងឃុំកំពង់ចិនជើង

(កំពង់ធំ)÷ នាថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជីវ ស៊ុនហេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារប្រើប្រាស់ដ៏ថ្លៃថ្លា របស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ស្ថិតនៅវត្តខ័ណ្ឌសារ ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសនោះ ឯកឧត្តម ជីវ ស៊ុនហេង បានថ្លែងអំណរគុណដល់ពុទ្ធបរិស័ទជិតឆ្ងាយ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមថែរក្សាប្រពៃណី ព្រមទាំងគាំទ្រសកម្មភាពការងារមនុស្សធម៌ និងការកសាងសមិទ្ធផលនានាក្នុងវត្តអារាមក៏ដូចជាក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ក្នុងពិធីនេះដែរ មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១០អង្គ ព្រមទាំងគណៈកម្មការវត្ត លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទមកពី ៦ភូមិ រួមមាន៖ ភូមិបឹងត្នោត ភូមិចេក ភូមិត្រាច ភូមិចក ភូមិរកា និងភូមិសល្ងាច ដែលមានព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចូលរួមសរុបចំនួន ១៤៨អង្គ/នាក់។

ឯកឧត្តមប្រធានក្រុមការងារ និងសហការី បាននាំយកទេយ្យទាន គ្រឿងបរិក្ខារ និងសម្ភារឧបភោគបរិភោគរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ វេរប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តខ័ណ្ឌសារ រួមមាន៖ ទៀនវស្សា ១គូ ប្រេងម៉ាស៊ូត ៣០លីត្រ អង្ករ ១០បាវ មីជាតិ ១០កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស ត្រីខ ១០យួរ ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ស្ករដក ១០ប្រអប់ ស្ករស ១០គីឡូក្រាម អំបិល ១០គីឡូក្រាម តែ ១០កញ្ចប់ និងបង្អែមផ្សេងៗ ព្រមទាំងបច្ច័យមួយចំនួន និងសរុបជាថវិកា ៨,៦១៥,០០០រៀល ផងដែរ៕ អត្ថបទ រដ្ឋបាលស្រុកស្ទោង