(គែរ)៖ បេសកជនរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបក្រុមអ្នកសម្របសម្រួលអេហ្ស៉ីប កាតា និងតួកគី ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញផែនការសន្តិភាពហ្កាហ្សារបស់លោក ត្រាំ ខណៈអ៉ីស្រាអែលបើកការវាយប្រហារជាថ្មីលើតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

AFP ដោយផ្អែកលើប្រភពការទូតដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាក្រុមមន្ត្រីហាម៉ាសក៏មានវត្តមានទីក្រុងគែរផងដែរ ជាទីដែលពួកគេត្រូវបានរាយការណ៍ថាបានជួបលោក Jared Kushner ជាបេសកជន និងកូនប្រសារប្រុសរបស់លោក ត្រាំ។ មន្ត្រីអ៉ីស្រាអែលម្នាក់បាននិយាយថាលោក Jared Kushner និងបេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ លោក Nickolay Mladenov នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ គ្រោងនឹងជួបនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលកាលពីថ្ងៃទី៩ ខែសីហា បាននិយាយថាផែនការសន្តិភាពរបស់លោក ត្រាំ សម្រាប់តំបន់ហ្កាហ្សា គឺជារឿងមិនអាចទទួលយកបាន។
គួរបញ្ជាក់ថា ក្រុមមន្ត្រីអ៉ីស្រាអែល បាននិយាយថាអ៉ីស្រាអែលមានការព្រួយបារម្ភចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលទាមទារឱ្យបិទបញ្ចប់ការតាមសម្លាប់មេដឹកនាំក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា ខណៈចលនាប្រដាប់អាវុធមួយនេះកំពុងកសាងកម្លាំងឡើងវិញ។ ផែនការសន្តិភាពរបស់លោក ត្រាំ បានអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗក្នុងតំបន់ហ្កាហ្សា។ ផែនការនេះក៏តម្រូវឱ្យហាម៉ាស រំសាយអាវុធ ហើយកងទ័ពអ៉ីស្រាអែលត្រូវដកខ្លួនចេញពីតំបន់ហ្កាហ្សា និងការកសាងដែនដីប៉ាឡេស្ទីននេះឡើងវិញ។
តែទន្ទឹមគ្នានឹងការច្រានចោលផែនការសន្តិភាពរបស់លោក ត្រាំ អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសឡើងវិញកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបញ្ឈប់ការវាយប្រហារមួយផ្នែកធំកាលពីដើម ខែសីហានេះ។ យោធាអ៉ីស្រាអែលកាលពីថ្ងៃអាទិត្យបានឱ្យដឹងថាយន្ដហោះចម្បាំងរបស់ខ្លួនបានវាយប្រហារលើទីតាំងរបស់ក្រុម Islamic Jihad និងក្រុមហាម៉ាស ក្នុងទីក្រុង Khan Younis និងទីក្រុង Nuseirat ដោយបណ្ដាលឱ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥នាក់រងរបួស៕





























