មនុស្សម្នាក់ស្លាប់ ៣នាក់រងរបួសក្នុងគ្រោះរអិលបាក់ដីនៅកូរ៉េខាងត្បូង ចំពោះមុខភ្លៀងធ្លាក់ខ្លាំង

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់ និង៣នាក់រងរបួស ក្នុងគ្រោះរអិលបាក់ដី ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើតំបន់ភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថាគ្រោះរអិលបាក់ដី បានវាយប្រហារលើអគារលំនៅដ្ឋានមួយក្នុងទីក្រុង Geoje ខេត្ត South Gyeongsang ដោយដីបានកប់ជាន់ទី១។ Yonhap បន្ថែមថាក្រុមអ្នកជួយសង្រ្គោះបានទាញយកមនុស្ស៣នាក់ចេញពីអគារ ប៉ុន្តែមានមនុស្សម្នាក់ក្រោយមកត្រូវបានរាយការណ៍ថាបានស្លាប់នៅឯមន្ទីរពេទ្យ។ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅតាមផ្នែកជាច្រើននៃតំបន់ភាគខាងត្បូងនៃប្រទេស ជាទីដែលតំបន់ខ្លះអាចនឹងទទួលទឹកភ្លៀងដល់ទៅ ៨០០មីលីម៉ែត្រ រួមជាមួយផ្គរលាន់ និងរន្ទះតាំងតែពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅមកម្ល៉េះ។

ក្នុងទីក្រុង Geoje កម្ពស់ទឹកទន្លេបានហក់ឡើងខ្ពស់ដល់កម្រិតអាសន្ន ហើយផ្លូវជាច្រើនត្រូវបានជន់លិចបង្កការរំខានដល់ការធ្វើចរារចរ និងធ្វើឱ្យប្រជាជនមួយចំនួនជាប់គាំងនៅក្នុងផ្ទះ។ ដោយឡែក នៅថ្ងៃចន្ទនេះដែរ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថាមានមនុស្ស ១០០នាក់ក្នុងទីក្រុង Geoje ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ដោយសារតែហានិភ័យអាចកើតមានគ្រោះរអិលបាក់ដីសាជាថ្មី ខណៈអាជ្ញាធរបានជួយសង្រ្គោះមនុស្ស ២០នាក់ដែលជាប់គាំងផ្ទះរបស់ពួកគេ៕