
(កំពង់ធំ)÷ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ សហការជាមួយកម្លាំងជំនាញជំរុញឱ្យលោក កែវ សុខា លោក ឡែម ភីរម្យ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីជាប់កិច្ចសន្យា បានចូលរួមជាមួយក្រុមការងារស្រុកកំពង់ស្វាយ ដឹកនាំដោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបទល្មើសជលផល នៅចំណុចដៃបឹងប៉ោង ទួលដើមស្នាយ បឹងមហាពពាយ ត្រពាំព្រីង និងដៃបឹងផ្ដៅ នៅក្នុងភូមិសាស្រ្ត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រុមការងារបានពិនិត្យឃើញជាក់ស្ដែ មានរបាំងចំនួន៥របាំង រត់បិទផ្លូវទឹកក្នុងនោះក្រុមការងារបានធ្វើការអប់រំណែនាំឲ្យប្រជាពលរដ្ឋរុះរើរបាំងសាច់អួនដោយខ្លួនឯង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

នៅថ្ងៃដដែលលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) សហការជាមួយ កម្លាំងទីបញ្ជាការស្រាល ប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ចំណុចបាឡតទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក មឿន ចាន់ថា នាយសង្កាត់រដ្ឋបាលជលផលប្រាសាទបល្ល័ង្ក សហការណ៍ជាមួយរដ្ឋបាលឃុំ ប៉ុស្តន៍នរគបាលរដ្ឋបាលឃុំដូង និងប្រជាការពារ បានចុះប្រតិបត្តិការណ៍បង្រ្កាបបទល្មើសជលផលនៅចំណុចភូមិក្រួស និងត្នោតជ្រុះ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ចំណែកឯលោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៏(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលកោះរះ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអូអ្នកវាំង វត្តចាស់ ស្វាយ តាចិន និងតំបន់ត្រពាំងនាងណ ស្ថិតក្នុងភូមិសាស្រ្តឃុំស្រឡៅ ឃុំជ្រលង ស្រុកតាំគោក ខេត្តកំពង់ធំ។ លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាល(តំបន់៣) ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅតំបន់វាលក្រោម ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំព្នៅ ស្រុកសន្ទុក ខេត្តធំ តាមការត្រួតពិនិត្យជាក់ស្តែងឃើញថាពុំមានសកម្មភាពអ្វីគួរអោយកត់សម្គាល់នៅតំបន់នោះទេ។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីជាប់កិច្ចសន្យា និងកម្លាំងសហគមន៍នេសាទស្ពានគ្រង ចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល និងផ្សព្វផ្សាយច្បាប់ជលផលថ្មីដល់ប្រជានេសាទនៅសហគមន៍នេសាទ អ្នកចូលរួមសរុបចំនួន២៥នាក់ នៅចំណុចខាងលិចអាងទឹកក្រពើស្គម ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ

សូមបញ្ជាក់ផងដែរថាកម្លាំងជំនាញចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបានចុះរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន១៦របាំងប្រវែង១.៥៧០ម៉ែត្រ ឡុកសាច់អួនចំនួន២៣គ្រឿង លូឬលបចំនួន១៧មាត់ បង្គោលឈើចំនួន៧៩៩ដើម និងចាក់លែងត្រីចម្រុះទំងន់២០គីឡូក្រាម ចូលទន្លេវិញ។ អត្ថបទ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ




































