ឯកឧត្តម នួន ផារ័ត្ន ប្រគល់សាឡង់២គ្រឿង ជូនរដ្ឋបាលឃុំឈើទាល និងរដ្ឋបាលឃុំមានជ័យ នៅស្រុកសណ្ដាន់

(កំពង់ធំ)÷ ថ្ងៃពុធ ០៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រគល់សាឡង់ចំនួន២គ្រឿង ជូនរដ្ឋបាលឃុំឈើទាល និងរដ្ឋបាលឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីបម្រើផលប្រយោជន៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់ដែលមានការលំបាកក្នុងការធ្វើដំណើរតាមផ្លូវទឹក។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ដោយការមានការយកចិត្តទុកដាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីសុខទុក្ខបងប្អូនជាពលរដ្ឋនៅតាមមូលដ្ឋាន។ការប្រគល់សាឡង់ចំនួន២គ្រឿងនេះ មានគោលបំណងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស ដែលត្រូវធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃ។ ការមានមធ្យោបាយធ្វើដំណើរសមស្រប នឹងជួយឱ្យសិស្សានុសិស្សអាចទៅសិក្សារៀនសូត្របានទាន់ពេលវេលា និងកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងគោរពច្បាប់របស់រដ្ឋ ជាពិសេសត្រូវហាមឃាត់ការទន្ទ្រានដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារដីព្រៃ និងធនធានធម្មជាតិ គឺជាកត្តាសំខាន់សម្រាប់ការអភិរក្សធនធានរបស់ជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន បានស្នើឱ្យមាតាបិតា និងអាណាព្យាបាលសិស្ស យកចិត្តទុកដាក់បញ្ជូនកូនចៅឱ្យបានមកសាលារៀនគ្រប់ៗគ្នា និងជំរុញការសិក្សារបស់កូនៗ ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង និងជំនាញសម្រាប់អនាគត។ ឯកឧត្តមបានចាត់ទុកយុវជន និងសិស្សានុសិស្សថា ជាកម្លាំងស្នូល និងជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ។ ការប្រគល់សាឡង់នេះ ត្រូវបានចាត់ទុកថា ជាការចូលរួមបន្តពង្រឹងសេវាសាធារណៈនៅមូលដ្ឋាន និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ៕