រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិសការងារសម្របសម្រួលជាមួយអង្គការ-សមាគមអ្នកសារព័ត៌មាននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិសលើកិច្ចការងារសម្របសម្រួលជាមួយអង្គការ និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងប្រធាន និងតំណាងអង្គការ-សមាគមអ្នកសារព័ត៌មានជាច្រើនរូប។ កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងារក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ការវាយតម្លៃលើសមិទ្ធផលដែលសម្រេចបាន ការពិនិត្យបញ្ហាប្រឈម និងការកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសម្របសម្រួលអង្គការ-សមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានមានប្រសាសន៍រាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ព្រមទាំងបង្ហាញអំពីផែនការសកម្មភាព និងទិសដៅការងារដែលត្រូវអនុវត្តបន្តក្នុងរយៈពេលខាងមុខ។

ក្នុងការរាយការណ៍ ឯកឧត្តម សុខ ចាន់ភក្តី បានលើកឡើងពីវឌ្ឍនភាពនៃការងារសម្របសម្រួលជាមួយអង្គការ និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ព្រមទាំងការងារដែលបានអនុវត្តក្នុងការជំរុញកិច្ចសហការរវាងក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន។ ការងារទាំងនេះមានគោលដៅបង្កើនការយល់ដឹងរួម ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ព្រមទាំងពង្រឹងទំនាក់ទំនងការងាររវាងក្រសួង និងសមាគមនានា។

ឯកឧត្តមបានបញ្ជាក់ថា ការសម្របសម្រួលជាមួយអង្គការ-សមាគមអ្នកសារព័ត៌មាន គឺជាការងារដែលត្រូវការការចូលរួម និងកិច្ចសហការជាប្រចាំ ដើម្បីធានាឱ្យសកម្មភាពរបស់សមាគមនីមួយៗអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាន ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ជាកិច្ចបន្ត លោកបណ្ឌិត ឌីម សុខុន ជំនួយការឯកឧត្តមបណ្ឌិត សុខចាន់ ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសមាគមអ្នកសារព័ត៌មាននៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលសមាគម និងអង្គភាពសារព័ត៌មានបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួន ក្នុងបរិបទដែលវិស័យព័ត៌មានកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងផ្នែកបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ឥរិយាបថអ្នកទទួលព័ត៌មាន និងការប្រកួតប្រជែងក្នុងបរិយាកាសព័ត៌មានឌីជីថល។

លោកបណ្ឌិតបានបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះមិនមែនជាបញ្ហារបស់សមាគម ឬអង្គភាពសារព័ត៌មានណាមួយដោយឡែកនោះទេ ប៉ុន្តែជាបញ្ហាដែលភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មានត្រូវរួមគ្នាពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់អ្នកសារព័ត៌មានអាចប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ។

ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាគមអ្នកសារព័ត៌មាន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់វិស័យព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានដាក់ចេញនូវផែនការ និងទិសដៅការងារសំខាន់ៗ ដើម្បីគាំទ្រ និងជួយដល់អ្នកសារព័ត៌មាន តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈសារព័ត៌មាន។ ការងារនេះមានគោលដៅរួមចំណែកលើកកម្ពស់គុណភាពព័ត៌មាន និងធានាឱ្យការងារសារព័ត៌មានអាចបន្តដំណើរការប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងប្រសិទ្ធភាព។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានសង្កត់ធ្ងន់ថា កិច្ចសហការរវាងក្រសួងព័ត៌មាន និងអង្គការ-សមាគមអ្នកសារព័ត៌មាន គឺជាកត្តាចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានភាពរឹងមាំ ប្រកបដោយវិជ្ជាជីវៈ និងឆ្លើយតបបានល្អប្រសើរទៅនឹងការរីកចម្រើននៃបរិបទសារព័ត៌មានក្នុងសម័យឌីជីថល។

កិច្ចប្រជុំក៏ជាវេទិកាសម្រាប់ក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន ពិភាក្សា ផ្លាស់ប្តូរយោបល់ និងកំណត់ទិសដៅសហការបន្ត ដើម្បីរួមគ្នាពង្រឹងគុណភាព ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕