
(ភ្នំពេញ)៖ វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា ដ៏ស្កឹមស្កៃ និងល្អវិចិត្រ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ពិធីសម្ពោធនឹងប្រព្រឹត្តទៅយ៉ាងមហោឡារិក និងប្រកបដោយអំណររីករាយ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិធីនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្តេច លោក លោកស្រី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូបផ្សេងទៀត។
«វិមានសាមគ្គីភាព» សំណង់អគារថ្មីនៃព្រឹទ្ធសភា គឺត្រូវបានស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ ប្រសិទ្ធភាព គុណភាព និងចីរភាព នៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតបទៅនឹងការអនុវត្តអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភានីតិកាលទី៥ ដែលបានដាក់ចេញដោយសម្តេចតេជោប្រធានព្រឹទ្ធសភាគឺ «ការលើកកម្ពស់ការទូតសភា» និង «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលតំណាងឱ្យប្រជាពល រដ្ឋនៅ មូលដ្ឋាន»។

«វិមានសាមគ្គីភាព» នឹងបំពេញតួនាទីជាការិយាល័យ ធ្វើការរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជាទីកន្លែង ទទួល ភ្ញៀវ ឥស្សរជនជាន់ខ្ពស់ជាតិ និងបរទេសនានានោះ ខណៈអគារកេរដំណែល «វិមានរដ្ឋចំការមន ឬហៅថា អគារក្រហម» ដែលជាកេរមរតក និងស្នាព្រះហស្តដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» នឹងបន្តរក្សាតួនាទីដ៏សំខាន់ជាមជ្ឈមណ្ឌលសម្រាប់ «សម័យប្រជុំពេញអង្គព្រឹទ្ធសភា» ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសាមគ្គីភាពជាតិ។
«វិមានសាមគ្គីភាព» ដែលប្រសិទ្ធនាមដោយសម្តេចតេជោ ហ៊ុន សែន ពិតជាមានអត្ថន័យប្រវត្តិសាស្ត្រ និងនយោបាយដ៏ជ្រាលជ្រៅ។ ជាមួយនឹង «វិមានសន្តិភាព និងវិមានមិត្តភាព» វិមាននេះ នឹងរួមផ្សំជានិមិត្តរូប នៃមុំ «សន្តិភាព មិត្តភាព និងសាមគ្គីភាព» ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
«វិមានសាមគ្គីភាព» ជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីក្នុងស្មារតីជាតិខ្មែរតែមួយ, សាមគ្គីភាពរវាងរដ្ឋ និងវិស័យឯកជន និងជាសមិទ្ធផលរបស់កូនខ្មែរសុទ្ធសាធ ដែលទាំងអ្នកគូសប្លង់ អ្នកសាងសង់ និងអ្នកជួយឧបត្ថម្ភថវិកា គឺជាខ្មែរទាំងអស់។
«វិមានសាមគ្គីភាព» បានរៀបចំតាក់តែងលម្អដោយក្បាច់ចម្លាក់ខ្មែរស័ក្តិសម បម្រើជាមណ្ឌល និងវិមានប្រមុខថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ការទទួលសារតាំងប្រធានស្ថានតំណាងបរទេសប្រចាំកម្ពុជា និងការបំពេញតួនាទីផ្សេងៗទៀត មានតួយ៉ាង៖ ការទទួលបដិសណ្ឋារកិច្ច និងលៀងសាយភោជន ជូនឥស្សរជនជាន់ខ្ពស់បរទេស និងការរៀបចំកម្មវិធីនានារបស់ព្រឹទ្ធសភា។

៤ខែក្រោយបន្ទាប់ពីការយាងបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមក វិមានសាមគ្គីភាពត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោក ប្រាក់ សុខុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានទី១ព្រឹទ្ធសភា នាពេលនោះ។ ការសាងសង់បានចប់សព្វគ្រប់ក្នុងរយៈពេល១៦ខែ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
«វិមានសាមគ្គីភាព» មានវិមាត្របណ្តោយ ៧៩ម៉ែត្រ x ទទឹង ៤៧ម៉ែត្រ x កម្ពស់ ៣៥ម៉ែត្រ និងរៀបចំជា ៤ជាន់កន្លះ ដោយប្រើដំបូលរាបស្មើ។
«វិមានសាមគ្គីភាព» ត្រូវបានសាងសង់ឡើងជាប្រភេទសំណង់បេតុងខ្សែកាប និងបេតុងអារមេ ដែលផ្តល់ភាពរឹងមាំ និងទំនើប ព្រមទាំងបង្ហាញពីស្ថាបត្យកម្ម និងរចនាបថខ្មែរសហសម័យ។
ក្បាច់ខ្មែរ ជាទម្រង់ផ្កាចន្ទន៍ និងបាំងខ្លែង ដែលដកស្រង់ពីប្រាសាទបុរាណ ត្រូវបានយកមកលម្អនៅតាមការិយាល័យ និងជញ្ជាំង នៃវិមានសាមគ្គីភាព ដើម្បីលើកកម្ពស់វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងស្របទៅនឹងតួនាទីនៃវិមានស្ថាប័នកំពូលនីតិប្បញ្ញត្តិនេះ។
លំហខាងក្នុងវិមាន ត្រូវបានគិតគូរ និងរចនាឱ្យមានទំហំធំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកទេសធ្នឹមខ្សែកាប ដែលអនុញ្ញាតឱ្យយើង សាងសង់សសរមានគម្លាតឆ្ងាយពីគ្នា និងងាយស្រួលក្នុងការប្រើប្រាស់ និងរៀបចំពិធី។
នៅផ្នែកខាងមុខនៃវិមាន មានតម្កល់បដិមាសត្វតោជានិមិត្តរូបនៃមហិទ្ធិឫទ្ធិ និងសេចក្តីក្លាហាន ដែលមានកម្ពស់ ៣,៦ម៉ែត្រ បានឆ្លាក់ចេញពីថ្មភក់ ចម្លងតាមរចនាបទសិល្បៈសម័យអង្គរ។

បង្គោលសីមា ដែលបានរចនាចម្លងតាមស្ថាបត្យកម្មនៃព្រះថ្នល់ចូលប្រាសាទបុរាណខ្មែរ ត្រូវបានសាងសង់នៅអមសងខាងច្រកចូល ដើម្បីលើកកម្ពស់ឧត្តមភាពនៃផ្លូវឡើងទៅវិមាននេះ។ នៅផ្នែកខាងមុខនៃវិមាននេះ ក៏មានលម្អដោយសួនបៃតង និងរុក្ខជាតិតំណាងជាតិ ដើមត្នោត ក្នុងគោលបំណងរំលេចអត្តសញ្ញាណវប្បធម៌ខ្មែរ និងធ្វើឱ្យទីលំហនេះជាឧទ្យានមនោរម្យ និងមានភាពសុខដុមជាមួយនឹងវិមានទាំងមូល។
រចនាបទខាងក្រៅនៃ «វិមានសាមគ្គីភាព» ជាប្រភេទស្ថាបត្យកម្ម សហសម័យលាយបញ្ចូលគ្នារវាងស្ថាបត្យកម្ម នៃរចនាបទខ្មែរ និង Colonial ជាមួយការគិតគូររចនាយ៉ាងហ្មត់ចត់ទៅលើគ្រឿងលម្អ តួយ៉ាង បាំងខ្លែងនៅដំបូល ទែរ៉ាស់ផ្នែកខាងមុខដែលត្រូវបានស្រង់គំនិតចេញពីប្រាសាទបុរាណខ្មែរ។
ផ្ទៃខាងក្រៅអគារ មានការរចនាល្បាក់ក្បាល និងជើងសសរ សសរផ្អោប រំលេចក្បាច់ផ្កាចន្ទន៍ នៅតាមបង្អួច និងបង្កាន់ដៃ ដើម្បីបង្ហាញ និងលើកកម្ពស់វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងស្របទៅនឹងតួនាទីនៃវិមានស្ថាប័ននីតិប្បញ្ញត្តិកំពូល។
នៅសងខាងច្រកចូលអគារ មានរូបចម្លាក់តោពីថ្មភក់ ដែលមានកម្ពស់ ៣,៦ម៉ែត្រ ចម្លងតាមរចនាបទអង្គរ ដើរតួជាឆ្មាំយាមមុខអគារ រីឯផ្លូវឡើងក៏អមទៅដោយបង្គោលសីមាតាមលំនាំច្រកចូលប្រាសាទបុរាណ ដែលមានមុខងារជា បង្គោលភ្លើងបំភ្លឺតាមផ្លូវជម្រាលឡាន និងលម្អដល់អគារផង។

សម្រាប់ផ្នែកខាងក្នុងវិញ ត្រូវបានរៀបចំដូចខាងក្រោម៖
ជាន់ផ្ទាល់ដី៖ មានបន្ទប់បណ្ណាល័យធំទូលាយ បន្ទប់ធ្វើការសម្រាប់ មន្ត្រីនាយកដ្ឋានបណ្ណាល័យ និងនាយកដ្ឋានបណ្ណាសារ ព្រមទាំងបន្ទប់ សម្រាប់កងកម្លាំងរក្សាសន្តិសុខអគារ ឃ្លាំង និងបន្ទប់បច្ចេកទេស។
ជាន់ទី១៖ មានសាលធំៗ និងសំខាន់ៗចំនួន២គឺ «សាលពលាធិបតី» ដែលមានភាពធំទូលាយសម្រាប់ការទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ អន្តរជាតិ និង «សាលអាហារភិរម្យ» សម្រាប់ពិធីលៀងសាយភោជន៍ និងកិច្ចប្រជុំធំៗ។
សាលទាំងពីរនេះ ព្រមជាមួយនឹង «សាលទេសមន្ត» ជាបន្ទប់សន្និសីទសារព័ត៌មាន, និង «សាលសុខាល័យ» ជាបន្ទប់រង់ចាំ សុទ្ធតែបំពាក់លម្អគ្រឿងឈើ និងស្ថាបត្យកម្មតាមរចនាបទខ្មែរ ដោយមានប្រើ «ក្បាច់ភ្ញីទេស និងភ្ញីអង្គរ» ក្នុងទម្រង់កន្ទុយហង្ស ផ្កាចន្ទន៍ ទេពប្រណម្យ និងសន្ធិយា។
ជាន់ទី២៖ មាន «សាលតេជោធិបតី» ជាការិយាល័យផ្ទាល់សម្តេចប្រធានព្រឹទ្ធសភា, «សាលពុទ្ធិជ័យ» ជាបន្ទប់សម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាផង និងជាសាលជំនួប និងចរចាទ្វេភាគីជាមួយគណៈប្រតិភូបរទេសផង។
រីឯ «សាលភគ្គវន្ត» ដែលមានន័យថា ជាទីដែលមានយស និងជោគដ៏ខ្ពង់ខ្ពស់ ត្រូវបានរៀបចំឡើងសម្រាប់ប្រមុខរដ្ឋស្ដីទី ទទួលសារតាំងនៃតំណាងបណ្ដាប្រទេសជាមិត្ត និងទទួលភ្ញៀវជាន់ខ្ពស់បរទេស។

ក្រៅពីនេះ មានបន្ទប់ជំនួបទ្វេភាគី, បន្ទប់ជប់លៀង, បន្ទប់រង់ចាំ ព្រមទាំងមានបន្ទប់ធ្វើការរបស់មន្ត្រី។
បន្ទប់ទាំងអស់សុទ្ធតែត្រូវបានរចនាឡើងដោយប្រើប្រាស់គ្រឿងឈើ និងលម្អតាមស្ថាបត្យកម្មខ្មែរដ៏សម្បូរបែប រួមមានទាំងការតុបតែងដោយចម្លាក់ថ្មភក់ ចម្លាក់ឈើ ស្បែក និងសិល្បៈជាងទងជាដើម។
ជាន់ទី៣៖ ជាការិយាល័យរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា (គឺអនុប្រធានទី១ និងទី២) ព្រមទាំងមានការិយាល័យអគ្គលេខាធិការដ្ឋាន បន្ទប់ធ្វើការ បន្ទប់ប្រជុំ និងបន្ទប់ទទួលភ្ញៀវ។
ការប្រសិទ្ធនាមសាល និងបន្ទប់សំខាន់ៗ នៃ «វិមានសាមគ្គីភាព» ខាងលើជាមួយនឹងអត្ថន័យដែលផ្សារភ្ជាប់ទៅនឹងមុខងាររបស់សាល និងបន្ទប់នីមួយៗ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃអរិយធម៌ខ្មែរដ៏រុងរឿង និងប្រវត្តិសាស្ត្រដ៏យូរលង់៕






























