លោក ហ្សេលេនស្គី៖ ការបាត់បង់អាយុជីវិតរបស់ប្រជាជនអ៊ុយក្រែន បណ្ដាលមកពីការខ្វះខាតគ្រាប់មីស៊ីល Patriots

(កៀវ)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីបានសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ និង៤០នាក់ រងរបួសនៅក្នុងរដ្ឋធានីកៀវ និងតំបន់ជុំវិញរដ្ឋធានី កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការបាត់បង់អាយុជីវិតប្រជាជនអ៊ុយក្រែនបណ្ដាលឱ្យមកការខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriots។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពអាកាសរបស់អ៊ុយក្រែនបានឱ្យដឹងថារុស្ស៉ីបានបាញ់មីស៊ីលគ្រូស មីស៊ីលបាលិស្ទីគ និងមីស៊ីលល្បឿនលឿនជាងសំឡេងជាច្រើនគ្រាប់ ព្រមទាំងដ្រូន ១៦៨គ្រឿង ក្នុងការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ តាមកងទ័ពអាកាសអ៊ុយក្រែន ជិត៩០ភាគរយនៃមីស៊ីលគ្រូស និងដ្រូនត្រូវបានបាញ់ទម្លាក់។ តែមិនបានបញ្ជាក់លម្អិតថាតើមានមីស៊ីលបាលិស្ទីគត្រូវបានបាញ់ទម្លាក់ដែរឬក៏យ៉ាងណានោះទេ? បន្ទាប់ពីបាននិយាយកាលពីសប្ដាហ៍មុនថាការផ្ដល់ព័ត៌មានបែបនេះអាចនឹងឱ្យរុស្ស៉ីយកវាទៅសិក្សា និងរកវិធីសាស្ត្រថ្មីៗដើម្បីទម្លុះខែលការពារដែនអាកាសរបស់អ៊ុយក្រែន។

លោក ហ្សេលេនស្គី ក៏បានព្រមានដែរថាទីក្រុងមូស្គូនឹងមិនមានភាពប្រាកដប្រជាចំពោះកិច្ចចរចាស្វែងរកសន្តិភាពនោះទេ ដរាបណាអ៊ុយក្រែនមិនមានគ្រាប់មីស៊ីលគ្រប់គ្រាន់ ដើម្បីការពារបណ្ដាទីក្រុងអ៊ុយក្រែន៕