សហរដ្ឋអាមេរិក ប្រកាសពីគម្រោងលក់យន្ដហោះចាក់សាំងលើអាកាសទៅឱ្យកាតា

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានអនុម័តការលក់យន្ដហោះចាក់សាំងលើអាកាសក្នុងទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារ ទៅឱ្យ ប្រទេសកាតា ដែលកំពុងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិកបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា កាតាបានស្នើសុំទិញយន្ដហោះចាក់សាំងលើអាកាសធុន KC-46A ចំនួន៤គ្រឿងដែលមានបំពាក់ដោយប្រព័ន្ធ sensors ព្រមានពីការវាយប្រហារដោយគ្រាប់មីស៊ីល។ តាមសេចក្ដីថ្លែងការណ៍ដដែល ការអនុម័តការលក់យន្ដហោះនេះដែលនឹងត្រូវបញ្ជូនទៅកាន់សភាអាមេរិកដើម្បីអនុម័តនឹង ជួយគាំទ្រដល់សន្តិសុខជាតិអាមេរិកតាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃប្រទេសជាដៃគូយុទ្ធសាស្ត្រមួយក្នុងតំបន់មជ្ឈិមបូព៌ា។

កិច្ចព្រមព្រៀងនេះក៏នឹងបង្កើនសមត្ថភាពរបស់កាតាផងដែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ន និងនៅពេលអនាគត ជាមួយការពង្រឹងសមត្ថភាពការពារជាតិ និងការធ្វើអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក។

គួរបញ្ជាក់ថា កាតាកំពុងដើរតួនាទីជាអ្នកសម្របសម្រួលមួយ ដើម្បីជួយទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ស្វែងរកកិច្ចព្រមព្រៀងមួយសំដៅបិទបញ្ចប់សង្រ្គាម បើទោះជាកិច្ចចរចា សព្វថ្ងៃកំពុងជាប់គាំងក៏ដោយ។ កាតាក៏កំពុងសម្របសម្រួលផងដែរលើជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា៕