(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគីយ៉េ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស៉ីរី ក្នុងការអភិវឌ្ឍសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្ទាល់ខ្លួន បន្ទាប់ពីអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានទ័ពអាកាសស៉ីរីមួយកន្លែង និងបានព្រមានទីក្រុងអង់ការ៉ាប្រឆាំងនឹងអ្វីដែលខ្លួនហៅថា «ការផ្សងព្រេងដ៏គ្រោះថ្នាក់»។ នេះបើតាមការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ ទីក្រុងអង់ការ៉ាបានច្រានចោលការចោទប្រកាន់ដែលថាខ្លួនមានវត្តមានយោធានៅឯមូលដ្ឋានទ័ពអាកាស Abu Al-Duhur ស្ថិតនៅក្បែរទីក្រុង Aleppo ភាគពាយព្យនៃប្រទេសស៉ីរី ដែលត្រូវបានអ៉ីស្រាអែលវាយប្រហារ។ មូលដ្ឋានទ័ពអាកាសមួយនេះបានរងការខូចខាតកំឡុងសង្គ្រាមស៊ីវិល និងត្រូវបានផ្អាកដំណើរការតាំងពីឆ្នាំ២០១២ មកម្ល៉េះ។
ការបដិសេធនេះធ្វើឡើងបន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថាកងកម្លាំងតួកគីយ៉េ ទើបតែបានចុះពិនិត្យមូលដ្ឋានទ័ពនោះក្នុងគោលបំណងបើកឱ្យដំណើរការឡើងវិញ។ លោក ណេតាន់យ៉ាហ៊ូ បានព្រមានយ៉ាងច្បាស់ថា «យើងនឹងមិនអត់ឱនចំពោះការពង្រាយឈរជើងរបស់យោធាតួកគីយ៉េដែលរំកិលចុះមកទិសខាងត្បូងនោះឡើយ ពីព្រោះវាគំរាមកំហែងដល់យើង»។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការពារជាតិតួកគីយ៉េ បានលើកឡើងថា ការវាយប្រហាររបស់អ៉ីស្រាអែលគឺ «មិនអាចទទួលយកបាន» និងមានគោលបំណងបំផ្លាញស្ថិរភាព សន្តិសុខ និងអធិបតេយ្យភាពរបស់ប្រទេសស៉ីរី។ លោកបានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងបរិបទនេះ កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់យើងក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ស៉ីរី ព្រមទាំងការជួយបង្កើតបរិយាកាសស្ថិរភាព និងសន្តិសុខ នឹងបន្តទៅមុខយ៉ាងម៉ឺងម៉ាត់បំផុត»។
គួរបញ្ជាក់ថា ទីភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្សស៉ីរី (SOHR) បានរាយការណ៍កាលពីថ្ងៃអង្គារថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល បានកើតឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយោធាតួកគីយ៉េមកកាន់មូលដ្ឋានទ័ពអាកាសខាងលើ ក្នុងគោលដៅស្តារ និងបើកដំណើរការឡើងវិញនូវទីតាំងយុទ្ធសាស្ត្រមួយនេះ៕





























