
បន្ទាយមានជ័យ៖ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យនាំយកអំណោយមនុស្សធម៌ជាសម្ភារសាងសង់ និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះអគ្គីភ័យ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ។
លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម និង ឯកឧត្តមបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម។ លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគម។

បានដឹកនាំក្រុមការងារសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យ ដោយមានសមាជិកចូលរួម៖
១.លោក ហោ តូ ទីប្រឹក្សា
២.លោក ប៊ូវ ជីណៃ ប្រធានផ្នែក
៣.លោក សុខ ថៃ ប្រធានគម្រោង
៤. លោក សុខ ផល អនុប្រធានគម្រោង
៥.លោក លឹម ខេង អ្នកយកព័ត៌មាន
៦.លោក ជួង សុវណ្ណអាង អ្នកយកព័ត៌មាន & ទីប្រឹក្សា
៧.វិត រិទ្ធ អ្នកយកព័ត៌មាន
៨.លោក លឹម វុទ្ធី សមាជិក
៩.លោក យុទ្ធ ម៉ាយ៉ាន អនុប្រធានសាលាខេត្តបន្ទាយមានជ័យ
១០.លោក ស៊ួន កុសល ជា អាជីវករលក់កៅស៊ូ
១១.លោក មេឃុំ ទួលពង្រ ស្រុកម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនាំយកអំណោយប្រគល់ជូនគ្រួសាររងគ្រោះ លោកស្រី ផល ចាន្នី នូវស័ង្កសីប្រកដំបូលផ្ទះ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងស្បៀងអាហារ ដើម្បីសម្រាលទុក្ខលំបាកចំពោះមុខ និងជួយស្តារជីវភាពឡើងវិញ។មិនតែប៉ុណ្ណោះ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃប្រជាពលរដ្ឋក្រីក្រខ្វះខាតមួយគ្រួសារទៀត ដោយសារកូនបង្កើតរបស់អ្នក មីង មឿ ម៉ា បានដុតផ្ទះម្ដាយឆេះអស់គ្មានសល់។ សមាគមបាននាំយកអំណោយជូនគ្រួសារខាងលើនេះរួមមាន៖
-ទឹកប្រាក់ចំនួន ៥០ម៉ឺនរៀល
-អង្ករពីរបេ ស្មើ នឹង ២០គីឡូក្រាម
-មី ១ កេះ
-សៀង ខ្លាញ់ ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈមួយចំនួនទៀត
-ទឹកបរិសុទ្ធ ចំនួន ២០ យួរ
-ស័ង្កសី ចំនួន ៣៥ សន្លឹក
-កុង ផ្លា កេ ចំនួន ៣ សន្លឹក

ជំនួសមុខឱ្យថ្នាក់ដឹកនាំសមាគម លោក ឆុន វីរៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ដែលជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រួសារក្រីក្រ ជនភៀសសឹក និងកងទ័ពការពារព្រំដែន។
ជាមួយគ្នានេះ លោកបានធ្វើការអប់រំ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះគ្រោះអគ្គីភ័យ
ការគ្រប់គ្រងប្រភពភ្លើង៖ ត្រូវត្រួតពិនិត្យប្រព័ន្ធភ្លើងអគ្គិសនី ខ្សែភ្លើងចាស់ៗ ការប្រើប្រាស់ចង្ក្រានហ្គាស ធូប ទៀន និងការដុតសំរាមនៅក្បែរផ្ទះសម្បែងឱ្យបានហ្មត់ចត់បំផុតមុនពេលចាកចេញពីផ្ទះ ឬសម្រាកលក់។
ការប្រុងប្រយ័ត្នគឺជាវិធានការបង្ការដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិ ដែលសាងសង់មកដោយកម្លាំងញើសឈាម។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឆុន វីរៈ បានបន្តអំពាវនាវយ៉ាងទទូចដល់សប្បុរសជនជាតិ និងអន្តរជាតិ គ្រប់ទិសទី រួមទាំងវិស័យឯកជន ឱ្យបន្តរួមដៃគ្នាជាមួយសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ក្នុងស្មារតីចែករំលែក និងវប្បធម៌ជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋកំពុងរងគ្រោះនិងងាយរងគ្រោះ ដោយយថា ហេតុផ្សេងៗ
លោក ឆុន វីរៈ បានបន្ថែមថា៖ សមាគមសូមអំពាវនាវយ៉ាងទទូចដល់សប្បុរសជនគ្រប់ទិសទី មេត្តាបន្តចូលរួមបរិច្ចាគនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងថវិកាតាមលទ្ធភាព ដើម្បីឱ្យសមាគមអាចបន្តបេសកកម្មនាំយកជំនួយមនុស្សធម៌ទាំងនេះ ទៅចែកជូនដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងបណ្តាខេត្តជាប់ព្រំដែនផ្សេងទៀត ព្រមទាំងប្រជាពលរដ្ឋរងគ្រោះដែលកំពុងត្រូវការជំនួយជាចាំបាច់។

សូមបញ្ជាក់ផងដែរថា៖ ការចុះជួយសង្គ្រោះបន្ទាន់នេះ មិនត្រឹមតែបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគ្រាអាសន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងការជួយជ្រោមជ្រែងកងទ័ពជួរមុខដែលជាទ្រនងការពារជាតិយ៉ាងរឹងមាំ៕ អត្ថបទ ឆុន វីរៈ



























