
ខេត្តតាកែវ៖ កម្លាំងសរុបប្រមាណ ២០០នាក់ ដែលរួមមានអាជ្ញាធរដែនដី មន្ត្រីជំនាញ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងអ្នកស្ម័គ្រចិត្តនៃសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម និងអង្គការណាហ្គាវើលដ៍បេះដូងសប្បុរស បានរួមគ្នាចុះធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយការយល់ដឹងនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
យុទ្ធនាការនេះទទួលបានការគាំទ្រផ្ទាល់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានផ្តោតសំខាន់លើការប្រមូលកាកសំណល់ ការអប់រំអំពីការគ្រប់គ្រងសំរាម និងការជំរុញស្មារតីម្ចាស់ការក្នុងការថែរក្សាអនាម័យសាធារណៈ។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កាកសំណល់ និងសំរាមរាយប៉ាយសរុបចំនួន ១,១០០ គីឡូក្រាម (១តោន និង១۰۰គីឡូក្រាម) ត្រូវបានប្រមូល និងរៀបចំទុកដាក់តាមបច្ចេកទេសត្រឹមត្រូវ។

ការចាត់តាំងសកម្មភាពនេះ មិនត្រឹមតែជួយលុបបំបាត់ភក់ជ្រាំ និងសំរាមតាមដងផ្លូវធំដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏មានឥទ្ធិពលក្នុងការបណ្តុះទម្លាប់រស់នៅស្អាត ផ្លាស់ប្តូរឥរិយាបថសង្គម និងបណ្តុះស្មារតីស្រឡាញ់បរិស្ថានចេញពីបុគ្គលម្នាក់ៗ។
បរិស្ថានស្អាត ចាប់ផ្តើមពីយើងទាំងអស់គ្នា ការថែរក្សាបរិស្ថាន មិនមែនជាភារកិច្ចដាច់ដោយឡែករបស់រដ្ឋាភិបាល ឬអាជ្ញាធរឡើយ ប៉ុន្តែជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការមិនចោលសំរាមពាសវាលពាសកាល គឺជាជំហានដំបូងនៃសុជីវធម៌សង្គម។

ការចេះញែកសំរាម (សំរាមរលួយ សំរាមអាចកែច្នៃបាន និងសំរាមគ្រោះថ្នាក់) និងការច្រកថង់ទុកដាក់ក្នុងធុងសំរាមឱ្យមានរបៀបរៀបរយ ជួយកាត់បន្ថយការបំពុលបរិយាកាស និងសម្រួលដល់ការដឹកជញ្ជូនយកទៅប្រព្រឹត្តិកម្ម។
មូលដ្ឋានដែលមានអនាម័យស្អាត ជួយកាត់បន្ថយជម្ងឺដង្កាត់ផ្សេងៗ ការពារប្រភពទឹកស្អាត និងទាក់ទាញភ្ញៀវទេសចរ ព្រមទាំងវិនិយោគិន ដែលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។
ការរួមគ្នារក្សាផែនដី និងបរិស្ថានរស់នៅឱ្យមានភាពបៃតង ស្អាត និងគ្មានប្លាស្ទិក នៅថ្ងៃនេះ គឺជាកាដូ និងការធានានូវគុណភាពជីវិតដ៏ប្រពៃសម្រាប់កូនចៅយើងនៅថ្ងៃអនាគត៕ អត្ថបទ ទេព ផល្លី




































