(ឌូបៃ)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានច្រានចោលការគំរាមកំហែងដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថាជាសញ្ញានៃ «ភាពអស់សង្ឃឹម និងទាល់ច្រក» ព្រមទាំងបានអះអាងថា វិធានការថ្មីទាំងនោះនឹងមិនអាចយកឈ្នះលើទីក្រុងតេហេរ៉ង់បានឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

តាមរយៈវីដេអូលើបណ្តាញ Telegram លោក Araqchi បានគូសបញ្ជាក់ដូច្នេះថា «ការពិតដែលថ្នាក់ដឹកនាំអាមេរិកបានងាកចេញពីប្រតិបត្តិការយោធា មកលើកយកផែនការទណ្ឌកម្មចាស់គំរិលដដែលៗ វាបង្ហាញយ៉ាងច្បាស់ថាពួកគេកំពុងទាល់ច្រក… យើងមិនដែលខ្លាចរអាឡើយ ហើយវិធានការថ្មីរបស់ពួកគេនឹងត្រូវបរាជ័យ»។ ការលើកឡើងនេះ ធ្វើឡើងមុនពេលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent គ្រោងប្រកាសពី «ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតក្នុងប្រវត្តិសាស្ត្រ» ប្រឆាំងនឹងអ៉ីរ៉ង់នៅថ្ងៃចន្ទស្អែកនេះ។
គួរបញ្ជាក់ថា បន្ទាប់ពីសង្គ្រាមបានអូសបន្លាយជិត ៦ខែមកនេះ ទីក្រុងតេហេរ៉ង់នៅតែបន្តបិទខ្ទប់ការដឹកជញ្ជូនប្រេងនៅច្រកសមុទ្រ Hormuz យ៉ាងតឹងរ៉ឹង ដែលបណ្តាលឱ្យតម្លៃប្រេងសកលបន្តកើនឡើង បើទោះបីជាសេដ្ឋកិច្ចរបស់អ៉ីរ៉ង់ផ្ទាល់កំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរក៏ដោយ៕





























