(គែរ)៖ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលចំនួន ២លើក នៅតំបន់ហ្គាហ្សា (Gaza Strip) កាលពីថ្ងៃអាទិត្យនេះ បានសម្លាប់មនុស្សយ៉ាងហោច ២នាក់ ក្នុងនោះរួមមានកុមារាអាយុ ៤ឆ្នាំម្នាក់ និងបណ្តាលឱ្យមនុស្ស ៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦។

ការវាយប្រហារមួយក្នុងចំណោមពីរ បានកំណត់គោលដៅលើអគារមួយខ្នងក្នុងទីប្រជុំជន Zawayda ស្ថិតនៅកណ្តាលតំបន់ហ្គាហ្សា បន្ទាប់ពីមានការព្រមានពីយោធាអ៉ីស្រាអែលឱ្យម្ចាស់អគារចាកចេញពីតំបន់នោះ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អម្បែងគ្រាប់បែក និងកម្ទេចកម្ទីដែលខ្ទាតចេញរាប់សិបម៉ែត្រ បានបណ្តាលឱ្យមនុស្សយ៉ាងហោច ៦នាក់រងរបួស រួមទាំងកុមារាវ័យ ៤ឆ្នាំឈ្មោះ Mohammad Abdel-Salam Taha ដែលក្រោយមកបានទទួលមរណភាពនៅឯមន្ទីរពេទ្យ។
ពលរដ្ឋភៀសខ្លួនប៉ាឡេស្ទីនម្នាក់ឈ្មោះ Abu Ahmed ដែលកំពុងស្នាក់នៅក្បែរទីតាំងកើតហេតុ បានរៀបរាប់ទាំងក្តីអស់សង្ឃឹមថា «គ្មានបទឈប់បាញ់ គ្មានអ្វីទាំងអស់… យើងចង់បានដំណោះស្រាយ ហើយយើងចង់រស់នៅក្នុងសន្តិភាព»។ ដោយឡែក ការវាយប្រហារតាមអាកាសលើកទីពីរ បានកើតឡើងនៅក្នុងជំរំជនភៀសខ្លួន Nuseirat ដែលនៅក្បែរនោះ។
គួរបញ្ជាក់ថា យោធាអ៉ីស្រាអែលបានឱ្យដឹងថា ខ្លួនកំពុងបើកការត្រួតពិនិត្យ និងស៊ើបអង្កេតជុំវិញការវាយប្រហារតាមផ្លូវអាកាសទាំងពីរលើកខាងលើនេះ ខណៈដែលស្ថានភាពនៅតំបន់ហ្គាហ្សានៅតែបន្តស្ថិតក្នុងភាពតានតឹងយ៉ាងធ្ងន់ធ្ងរ៕





























