
(ភ្នំពេញ)៖ បន្ទាប់ពីបទបញ្ជាម៉ឹងម៉ាត់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើកិច្ចសហការពីខាងវៀតណាមផងនោះ ពេលនេះជនសង្ស័យបង្កហិង្សានៅកន្លែងផឹកស៊ី ឈ្មោះ ឆេង ភារុណ ត្រូវបានសមត្ថកិច្ចក្របួចនៅទឹកដីបៀតណាម ហើយនាំត្រឡប់មកកម្ពុជាវិញហើយ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ ឆេង ភារុណ បានត្រឡប់ដល់ព្រុំដែនម៉ោងជាង២៣ថ្ងៃទី២៣ ខែសីហា ដោយយប់ពេកត្រូវខាងវៀតណាមផ្អាកឆ្លង ហើយឱ្យសម្រាកផ្ទះជួលជិតនោះមួយយប់ពេលភ្លឺ ទើបបើកឱ្យឆ្លងដែនដីខ្មែរ ដោយវៀតណាម ធានាមើលខុសត្រូវមិនឱ្យបាត់។

លោកស្នងការបន្តថា បន្តិចទៀតជនសង្ស័យ ឆេង ភារុណ និងដឹកបន្តយកមកស្នងការនគរបាលរាជធានីដើម្បីបន្តនីតិវិធី។
កាលពីយប់មិញ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសយ៉ាងមុតមាំក្នុងការចាត់វិធានការលើជនបង្កហិង្សា ឆេង ភារុណ ដោយទុកពេល៤៨ម៉ោង ឱ្យចូលខ្លួនទទួលទោស។
ក្រោយជនសង្ស័យរត់គេចខ្លួនទៅវៀតណាម លោក ស សុខា បានទាក់ទងដោយផ្ទាល់ ទៅកាន់លោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។
លោក ស សុខា បានជម្រាបជូនជនរួមជាតិថា ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រូបលោកដាច់ខាត មិនអនុញ្ញាតឱ្យជនល្មើស រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ៕

































